បរទេស៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ថ្មីៗនេះ សារព័ត៌មាន CNN បានចុះផ្សាយព័ត៌មានផ្លូវការមួយ ដែលទាក់ទងនិងចុងភៅល្បីឈ្មោះ ជនជាតិឥណ្ឌា ឈ្មោះ Narayana Reddy អាយុ៧៣ឆ្នាំ ហើយក៏ជាតារាយូធូប ដ៏ល្បីឈ្មោះមួយរូប ដែលមានអ្នកមើលវីដេអូរបស់គាត់ជាច្រើនលាននាក់ ។

លោកតា Naragana រស់នៅក្នុងក្រុង Hayderabad រដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា គាត់បានចាប់ផ្តើមធ្វើ យូធូប តាំងពីឆ្នាំ២០១៧មកម្ល៉េះ ក្នុងការផលិតវីដេអូរបស់គាត់ គឺផ្តោតទៅលើការធ្វើម្ហូបបែបធម្មតាសាមញ្ញៗក្នុង ស្រុក ហើយម្ហូបដែលគាត់ធ្វើ បានយកទៅចែករំលែកដល់ប្រជាជនក្រីក្រ ធ្វើឲ្យគាត់ទទួលបានការគាំទ្រដ៏ច្រើនលើសលុប មិនថាប្រជាពលរដ្ឋក្នុងភូមិ ក្នុងប្រទេស ឬលើពិភពលោកក៏ដោយ ។

អ្វីដែលគួរឲ្យស្តាយនោះ នៅថ្ងៃទី២៧ ខែតុលា កាសែតក្នុងស្រុកមួយ បានចុះផ្សាយថា គ្រួសារលោកតាបានរៀបចំពិធីបុណ្យសពឲ្យលោកតាយ៉ាងអាធិកអធម មានមនុស្សចូលរួមយ៉ាងច្រើន ដើម្បីទៅបញ្ចុះសពលោកតាតាមប្រពៃណីសាសនា ។

បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក បានឲ្យដឹងថា ខ្លួនប្រាណរបស់លោកតា បានទ្រុឌទ្រោមយ៉ាងខ្លាំង តែគាត់នៅតែអាចញញឹមផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ ឲ្យខំតស៊ូក្នុងជីវិតបន្ថែមទៀត ដើម្បីភាពជោគជ័យនាថ្ងៃណាមួយដែលនឹងមកដល់ ។

គួរបញ្ជាក់ផងដែរថា ពុំមានព័ត៌មានជាក់លាក់ណាមួយ ដែលអះអាងថា លោកតាខាងលើបានស្លាប់ដោយសារតែជំងឺអ្វី ឬមូលហេតុអ្វីនោះឡើយ តែខាងក្រុមគ្រួសារសពលោកតាបានប្រាប់ថា កូនចៅរបស់លោកតានឹងបន្តធ្វើរឿងរ៉ាវល្អៗ យកគំរូតាមលោកតាដែលគាត់បានធ្វើកន្លងមក ៕