រាជធានីភ្នំពេញ៖ អតីតតារាសម្តែង នី មុល្លីកា ដែលបានរៀបការរូច ចេញទៅរួមរស់ជាមួយស្វាមីនៅសហរដ្ឋអាមេរិក អស់រយៈពេល៨ឆ្នាំមកហើយនោះ ថ្មីៗនេះ នាងដឹកដៃកូនៗ និងស្វាមីមកលេងលេងស្រុក ព្រមទាំងមានគម្រោងថតភាពយន្តផងដែរ ។


សិល្បករម្នាក់ដែលស្និទនឹងផលិតករជើងចាស់ម្នាក់បានលើកឡើងថា ក្នុងអំឡុងនាងមកលេងស្រុកពេលនេះ អតីតតារារសម្តែង នី មុល្លីកា គ្រោងនឹងថតរឿងកុមារី២៥ឆ្នាំ ជាភាពយន្តដែលផលិតដោយអ្នកស្រី ពាន់ ភួងបុប្ផា ។
ប្រភពដដែលបានបង្ហើបថា ជាភាពយន្តខ្នាតធំឬ ជាភាពយន្តរឿង កុមារី២៥ឆ្នាំ វគ្គទី៣ និងត្រូវសម្រុកថតឈុតឆាករបស់នាងឲ្យបានកាន់តែលឿនដើម្បីទុកឱកាសឲ្យនាងសម្រាកលំហែកាយជាមួយស្វាមី និងសាច់ញាតិនៅស្រុកខ្មែរ ។ ឯតម្លៃខ្លួនក៏ខ្ពស់មិនធម្មតាដែរ។


នេះចាត់ទុកជាការបើកទំព័រសិល្បៈជាថ្មី ក្រោយនាងចាកចេញពីពិភពសម្តែងអស់ជិត១០ ឆ្នាំ ដោយមិនមានគម្រោងវិលចូលសិល្បៈវិញដូចតារាសម្តែង សារ៉ាយ សក្ខណា និងវ៉េត រតនា នោះទេ ព្រោះតែនាងមិនមានពេលគ្រប់គ្រាន់ក្នុងការសម្តែង ហើយស្វាមីនាងក៏មិនចង់ឲ្យភរិយាលំបាកច្រើន បើទោះបីជាមានការទទូចច្រើនពីអ្នកគាំទ្រ និងអ្នកផលិតខ្សែភាពយន្ត មួយចំនួនក្តី ។
គួរបញ្ជាក់ដែរថា ក្រោយពីកម្មវិធីប្រឡងស្រីស្រស់ប្រុសស្អាត ឆ្នាំ២០០៥ របស់ស្ថានីយទូរទស្សន៍ CTNមក នី មុល្លីកា ទទួលបានឱកាសច្រើនក្នុងការសម្តែងខ្សែភាពយន្តភាគរបស់ទូរទស្សន៍មួយនេះ ដែលដឹកនាំរឿងដោយអ្នកស្រីពាន់ ភួងបុប្ផា ។


ក្រោយផ្តាច់ពាក្យជាមួយកូនប្រុសអ្នកនិពន្ធ និងដឹកនាំរឿងពាន់ ភួងបុប្ផា នាងបានចូលរោងការជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វករ រស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០១១ ។ នាងត្រូវបានស្វាមីធានាចេញឲ្យទៅរស់នៅជាមួយភ្លាមៗតែម្តង ។ នាងមានកូនប្រុសម្នាក់ ឈ្មោះZachary កាលពីអំឡុងខែឧសភា ឆ្នាំ២០១៦ និងកូនស្រីម្នាក់ឈ្មោះណា តាលី(Natalie)ក្នុងអំឡុងឆ្នាំ២០១៧ ។ ថ្វីដ្បិតមានស្វាមី និង កូនដល់ទៅពីរក៏ពិតមែន នី មុល្លីកា នៅតែមានសម្រស់ និង រូបរាងស្រស់ស្អាតមិនប្រែប្រួលនោះទេ ៕

គួរបញ្ជាក់ដែរថា ក្រោយជាប់បេក្ខនារីដែលមិនជាប់ជ័យលាភី ក្នុងកម្មវិធី ប្រឡងស្រីស្រស់ប្រុសស្អាត ឆ្នាំ ២០០៥ របស់ ស្ថានីយ៍ ទូរទស្សន៍ CTN នី មុល្លីកាទទួលបានឱកាសច្រើនក្នុងការសម្តែងខ្សែភាពយន្តភាគរបស់ទូរទស្សន៍មួយនេះ ។ ក្រោមការចូលរួមសម្តែងដឹកនាំរឿងដោយអ្នកស្រីពាន់ ភួងបុប្ផា នាងទទួលបានការគាំទ្រជាច្រើនពីមហាជន ។ ក្រោយផ្តាច់ពាក្យជាមួយ កូនប្រុសអ្នកនិពន្ធ និងដឹកនាំរឿងខាងលើនាងបានសម្រេចចិត្តរៀបការជាមួយនឹងអាណិកជនរស់នៅសហរដ្ឋអាមេរិកផងដែរ ៕