ខេត្តកំពង់ធំ៖ ក្មេងស្រី២នាក់ បាននាំគ្នាទៅងូតទឹកស្រះក្នុងវត្តពន្លាជ័យ តែអកុសល បានរអិលជើងទៅកន្លែងមានទឹកជ្រៅ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មទាំង២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ។
ក្មេងស្រីរងគ្រោះ ទី១- ឈ្មោះណាត ស៊ីណាន ភេទស្រី អាយុ០៨ឆ្នាំ និងទី២-ឈ្មោះហួត ស្រីនិច ភេទស្រី អាយុ០៨ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងរងគ្រោះទាំង២នាក់ បានគ្នាចុះទៅងូតទឹកស្រះក្នុងវត្តពន្លាជ័យ តែពេលនោះ ពួកគេបានរអិលជើងទៅកន្លែងមានទឹកជ្រៅ គ្មានអ្នកប្រទះឃើញជួយសង្គ្រោះទាន់ពេលវេលា បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងឪពុកម្តាយក្មេងស្រីរងគ្រោះទាំង២ ហើយនាំគ្នាស្រង់សពក្មេងស្រីរងគ្រោះឡើងគោក រួចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យសពក្មេងស្រីរងគ្រោះ រួចបញ្ជាក់ថា ពួកគេពិតជាលង់ទឹកស្លាប់មែន មិនមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ ហើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ទាំងក្តីសោកសៅជាពន់ពេក៕