រាជធានីភ្នំពេញ ៖ ដុំភ្លើងកុំទ្យូទ័រ នៅក្នុងអគារធនាគារ J Trust royal bank នៅតាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានឆ្លងចរន្តផ្ទុះឆេះហុយផ្សែងទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ ភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។


សន្តិសុខ ដែលយាម នៅក្នុងធនាគារ ខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ក៏បានឮសំឡេងកណ្ដឹងប្រកាសអាសន្នរោទិ។ ពេលនោះ កម្លាំងសន្តិសុខបាននាំគ្នាដើរពិនិត្យមើលក្នុងបរិវេណអគារធនាគារ ក៏ស្រាប់តែមានឃើញមានផ្សែងហុយទ្រលោម ចេញមកពីខាងក្នុងបន្ទប់ ដាក់សម្ភារ:ដែលនៅជាន់ផ្ទាល់ដី ទើបពួកគាត់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានសុំជួយអន្តរាគមន៍ និងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់អស់៤ទៅ៥បំពង់ ក៏រលត់ទៅវិញ។


សមត្ថកិច្ច បានឲ្យដឹងថា ពេលកើតហេតុ សមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់កន្លែងកើតហេតុ តែមិនបានធ្វើការបាញ់ទឹកពន្លត់នោះទេ ព្រោះក្រុមសន្តិសុខបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទៅហើយ។ ក្នុងករណីនេះ ខូតខាតតែដុំភ្លើងកុំទ្យុទ័រ តែ១គ្រឿង និងមានមានមនុស្សណាម្នាក់ គ្រោះថ្នាក់ទេ៕