រាជធានី​ភ្នំពេញ ៖ កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ លក់​ឥណទាន​កាបូន បាន​ជាង​១១​លាន​ដុល្លារ​អា​មេ​រិ​ក ពី​ដែនជម្រកសត្វព្រៃ​ដែល​មាននៅ​ទូ​ទាំង​ប្រទេស ដែល​ធានា​ដល់​កិច្ច​គាំពារ​បរិស្ថាន ការ​គ្រប់គ្រង​ធនធានធម្មជាតិ ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព ។​

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​បើក «​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០» របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៩​នេះ ។​

​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា ឥណទាន​កាបូន​ដែល​បាន​លក់​នេះ មាន​ប្រភព​មក​ពី​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង ដែនជម្រកសត្វព្រៃ​ក្រ​វ៉ា​ញ​ខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តា​តៃ ក្រោម​ក្រប​ខណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត​សម្រាប់​ទ្រទ្រង់​ដល់​ការ​ការពារ និង​អភិរក្ស​បរិស្ថាន និង​ធនធានធម្មជាតិ ក៏​ដូច​ជា​ជួយ​លើ​កម្ពស់​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន ដែល​ឆ្លើយ​តប​ទៅ​នឹង​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព ។​

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា នេះ​គឺជា​អត្ថប្រយោជន៍​ជាក់ស្តែង ដែល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​បាន​ល្អ​ប្រសើរ​របស់​ក្រសួងបរិស្ថាន និង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ មាន​ដូច​ជា កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ហៅ​កាត់ WCS អង្គការ​អភិរក្ស​អន្តរជាតិ ហៅ​កាត់ CI និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ផ្តល់​ការ​ការពារ​ដល់​ព្រៃឈើ​និង​សត្វព្រៃ ហៅ​កាត់ Wildlife Alliance ជាដើម​។​

បើ​តាម​អ្នកជំនាញ​មក​ពី​អង្គការ WCS បាន​ឲ្យ​ដឹង​ថា ប្រភេទ​ព្រៃឈើ​ដែល​អាច​ស្តុក​កាបូន​បាន​ច្រើន គឺជា​ប្រភេទ​ព្រៃឈើ​ធម្មជាតិ ហើយ​ព្រៃឈើ ត្រូវ​បាន​បែងចែក​ជា​៣​ប្រភេទ គឺ​ព្រៃស្រោង ពាក់កណ្តាល​ស្រោង និង​ព្រៃរបោះ ក្នុង​ប្រភេទ​ព្រៃស្រោង មាន​កាបូន​ស្តុក​ច្រើន​ជាងគេ ។ អ្នកជំនាញ​រូប​នេះ បាន​បញ្ជាក់​ថា ក្នុង​មួយ​ហិ​កតា​នៃ​ព្រៃស្រោង មាន​ផ្ទុក​កា​បួន​ប្រមាណ​៧០០​តោន ចំណែកឯ​ប្រភេទ​ព្រៃរបោះ​មាន​ផ្ទុក​កាបូន​ប្រមាណ​៥០០​តោន ។​

គួរ​រំឭក​ថា កាលពី​ឆ្នាំ​២០១៦ ស្ថិត​ក្រោម​កម្មវិធី​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ខូចខាត ឬ REDD+ ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ក្រុមហ៊ុន Walt Disney បាន​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា ក្នុង​តម្លៃ​២​លាន​៦​សែន​ដុល្លារ នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី ដែល​ស្មើនឹង​តម្លៃ​ការ​បំ​ភាយ​កាបូន​ប្រមាណ​៣៦​ម៉ឺន​តោន ៕