ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានបើកម៉ូតូ១គ្រឿង ទាំងអាការស្រវឹងស្រា ក្នុងល្បឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្ន បានបុកម៉ូតូ១គ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកជាមួយថ្នល់ស្លាប់ម្ចាស់ទាំង២នាក់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ៥៦A ស្ថិតភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ បើកបរដោយឈ្មោះសៀង ចានរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ផ្កាឈូក បើកបរដោយឈ្មោះ រី ឡងឌី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានទិសដៅបញ្ច្រាសគ្នា ដួលបោកក្បាលទៅនឹងថ្នល់ បណ្ដាលឲ្យស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។


សមត្ថកិច្ច បញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើងដោយសារតែជនរងគ្រោះឈ្មោះ រី ឡងឌី ស្រវឹងស្រាជោកជាំ បើកបរមិនប្រកាន់ស្ដាំ បានរេចង្កូតទៅបុកជនរងគ្រោះម្ខាងទៀត។ ក្រោយកើតហេតុ សមត្ថកិច្ច ចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ យកម៉ូតូរបស់ជនរងគ្រោះទាំង២គ្រឿងទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែក សពជនរងគ្រោះ សមត្ថកិច្ច បាន ប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅលំនៅឋានរៀងៗខ្លួន ទាំងក្តីសោកសៅជាពន់ពេក៕