ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមុខមកបដិសេធថា ជនស៊ីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះ មិនមែនជាកម្លាំងសមត្ថកិច្ចទេ ។

នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារមួយថា៖ “ជនស៊ីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះ មិនមែនជាកម្លាំងសមត្ថកិច្ចទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនឲ្យក្រុមជនស្លៀកស៊ីវិលទាំងនោះបង្ករបញ្ហាទាំងនេះទៀតឡើយ។


ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វើសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការសហការជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការណ៍មិនឲ្យមានករណីនេះកើតឡើងទៀតឡើយ” ៕