ស្រាវជ្រាវដោយ ឈឹម សេរីភួន៖

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤៧ ម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី ប្រសូត្របុត្រីទី៤ ព្រះនាមនរោត្តម សូរិយារង្សី។ នៅក្នុងឆ្នាំ១៩៦៣ ពេលមានព្រះជន្ម១៦វស្សា ម្ចាស់ក្សត្រីនរោត្តម សូរិយារង្សី បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីទី១ ឈ្មោះទេព ផល្លី (កើតនៅឆ្នាំ១៩៣៨) ជាកូនប្រុសរបស់ឧកញ៉ាទេព ផន ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ផងដែរ។ នៅក្នុងឆ្នាំ១៩៦៨ បុត្រីអង្គនោះ ក៏មានស្វាមីទី២ ឈ្មោះហេងវង្ស ប៊ុនឈឿត (កើតនៅឆ្នាំ១៩៤១)។

ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី

ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ព្រះនាងបានភៀសខ្លួនចេញពីប្រទេស ទៅរស់នៅជាមួយព្រះបិតានរោត្តម សីហនុ នៅទីក្រុងប៉េកាំង ប្រទេសចិន និងមានស្វាមីទី៣ នៅទីនោះម្នាក់ទៀតឈ្មោះ ហង់ អេង ដែលជាអតីតនិស្សិតខ្មែរម្នាក់ ដែលបានទៅសិក្សាផ្នែកវិស្វករ នៅប្រទេសអាល្លឺម៉ង់ខាងកើត និងជាកម្មាភិបាលតស៊ូរបស់ពួកខ្មែរក្រហម ផងដែរ។
នៅក្នុងខែកញ្ញា ឆ្នាំ១៩៧៥ ម្ចាស់ក្សត្រីនរោត្តម សូរិយារង្សី និងស្វាមី ព្រមទាំងបុត្របានស្ម័គ្រចិត្តដង្ហែព្រះបិតា នរោត្តម សីហនុ យាងត្រឡប់មកមាតុប្រទេសវិញ ជាមួយនឹងរាជវង្សមួយចំនួនទៀត។ ប៉ុន្តែក្រោយសម្តេចព្រះនរោត្តម សីហនុ សុំពួកមេដឹកនាំខ្មែរក្រហម លាឈប់ពីដំណែងប្រមុខរដ្ឋក្នុងខែមេសា ឆ្នាំ១៩៧៦ ព្រះនាងនិងស្វាមី ព្រមទាំងបុត្រ ត្រូវបានពួកខ្មែរក្រហមបំបែកចេញពីព្រះបិតា ឲ្យទៅរស់នៅជាមួយប្រជាជននៅតាមសហករណ៍ឯតំបន់ជនបទស្រុកស្រែចម្ការ ហើយបាត់ដំណឹងសូន្យឈឹង តាំងពីពេលនោះមក។


នៅក្នុងឆ្នាំ១៩៤៨ ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី ប្រសូត្របុត្រទី៥ ព្រះនាមម្ចាស់ក្សត្រីនរោត្តម គុន្ធបុប្ផា ពេលមានព្រះជន្ម៤វស្សា ក៏សោយទិវង្គត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥២ ដោយសារជំងឺឈាមស ស៊ីឈាមក្រហម។
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៤៩ ម្ចាស់ក្សត្រិយ៍ស៊ីសុវត្ថិ ពង្សសានមុនី បានប្រសូត្របុត្រទី៦ ព្រះនាមនរោត្តម ខេមានុរ័ក្ស។
ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ព្រះអង្គម្ចាស់ខេមានុរ័ក្ស បានចូលរួមក្នុងរណសិរ្សរួបរួមជាតិកម្ពុជា នៅក្នុងព្រៃនៃប្រទេសកម្ពុជា ដោយមានហ៊ូ នឹម រដ្ឋមន្ត្រីក្រសួងឃោនាការរបស់រដ្ឋាភិបាលរួបរួមជាតិជាអ្នកគ្រប់គ្រង និងជួយថែរក្សា។ នៅក្នុងខែកញ្ញា ឆ្នាំ១៩៧៥ គឺក្រោយពេលរំដោះទីក្រុងភ្នំពេញ បានប្រហែល៥ខែ ទ្រង់បានយាងមកជួបសម្តេចសីហនុ ជាព្រះបិតានៅក្នុងព្រះបរមរាជវាំងបានម្តងដែរ ហើយមួយខែក្រោយមក ក៏បាត់ដំណឹងសូន្យឈឹងរហូតដល់សព្វថ្ងៃ។

ម្ចាស់ក្សត្រីនរោត្តម គុន្ធបុប្ផា

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៥១ ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី បានប្រសូត្របុត្រទី៧ ព្រះនាមនរោត្តម បុទុមបុប្ផា។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៦៣ ព្រះនាងបានរៀបអាពាហ៍ពិពាហ៍ ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស មានព្រះជន្ម២៧វស្សា នៅក្នុងព្រះបរមរាជវាំង និងមានបុត្រា២អង្គ គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ ឆាវី សោភា ប្រសូត្រនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៦៤ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ ច័ន្ទរ៉ាវុឌ្ឍ ប្រសូត្រថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៦៦ សុគតឆ្នាំ១៩៧៦ ក្នុងរបបខ្មែរក្រហម។

ម្ចាស់ក្សត្រីនរោត្តម បុទុមបុប្ផា និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស ក្នុងពិធីភ្ជាប់ពាក្យ

នៅក្នុងឆ្នាំ១៩៦៤ ម្ចាស់ក្សត្រីបុទុម បុប្ផា បានលែងលះគ្នាជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស ហើយបានទៅរៀបអាពាហ៍ពិពាហ៍ជាលើកទី២ ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ ឌូស្សាឌី (ប្រសូត្រថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៣៥ និងត្រូវជាក្មួយរបស់ព្រះនាង) នៅព្រះរាជដំណាក់ចំការមន ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៦៧។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស ជាបុត្រារបស់ព្រះមហាក្សត្រមុនីវង្ស ជាមួយអ្នកម្នាងយិន តាត និងត្រូវជាបងប្អូនបង្កើតរបស់ម្ចាស់ក្សត្រីស៊ីសុវត្ថិ មុនីកេសរ ជាមហេសីរបស់ព្រះមហាក្សត្រនរោត្តម សីហនុ និងជាព្រះមាតារបស់ព្រះអង្គម្ចាស់នរោត្តម នរ៉ាឌីប៉ូ (នរៈទីប៉ោ) ៕