អ៊ីរ៉ាក់៖ ក្រោយមនុស្សជាង ២៥០នាក់បាត់បង់ជីវិត នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi) បានអំពាវនាវឱ្យក្រុមបាតុករទាំងអស់ បញ្ឈប់ការធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកជាបន្ទាន់ ដើម្បីចូលរួមចំណែកស្ដារស្ថានការណ៍ និងការរស់នៅរបស់ប្រជាជនទូទាំងប្រទេស ឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។


នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
ជាមួយគ្នានេះ លោក Adel Abdul Mahdi បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ការគំរាមកំហែងដល់ឧស្សាហកម្មប្រេង និងការបិទខ្ទប់ផ្លូវ បាននិងកំពុងធ្វើឱ្យសេដ្ឋកិច្ចជាតិ ខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារ… ហើយបើសិនជាភាពចលាចលនេះ នៅតែបន្តកើតមាននោះ ទំនិញគ្រប់មុខនឹងឡើងថ្លៃខ្ពស់កប់ពពក»។


គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់ បានផ្ទុះឡើងតាំងតែពីដើមខែតុលា មកម្ល៉េះ ដោយក្រុមបាតុករបាននាំគ្នាប្រឆាំងជំទាស់ ក៏ដូចជាទាមទារឱ្យរដ្ឋាភិបាលទីក្រុងបាកដាដ ដោះស្រាយបញ្ហាអំពើពុករលួយ និងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ប៉ុន្តែនៅក្នុងបាតុកម្មតវ៉ានេះ បានបង្កឲ្យមានអំពើហិង្សារវាងអាជ្ញាធរ និងបាតុករបណ្ដាលឱ្យមនុស្សច្រើនជាង២៥០នាក់បាតបង់ជីវិត៕