រាជធានីភ្នំពេញ ​៖ ទីបំផុត​បេក្ខជន ចាន់ សុ​បញ្ញា ​វ័យ​១៤​ឆ្នាំ ដែល​តស៊ូ​លះបង់​អត់ធ្មត់​គ្រប់​វិញ្ញាសា បានក្លាយជា​ម្ចាស់​ពាន X-Factor Cambodia ដែល​ជា​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​កំពូល​ល្បី​ទូ​ទាំង​ពិភពលោក ក្រោម​ការ​សាទរ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​មហាជន​ទូ​ទាំង​ប្រទេស​។

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក X Factor Cambodia បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ហើយ​បេក្ខជន ចាន់ សុ​បញ្ញា ជា​អ្នក​លើក​ពាន រដូវ​កាល​ទី​១ និង​ទទួល​បាន​ទឹកប្រាក់​រហូត​ដល់ ១០០ លាន​រៀល ។

សូម​ជំរាប​ថា ក្រោយ​ដឹង​ថា ខ្លួន​ក្លាយជា​ម្ចាស់​ពាន កូនក្រុម​របស់​តារាចម្រៀង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា រូប​នេះ មាន​ក្ដី​រំភើប​ខ្លាំង​រហូត​ស្រក់​ទឹកភ្នែក ចំពោះ​មុខ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ដែល​បាន​ផ្ដល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​អ​ញ្ញើញ​ទៅ​ទស្សនា​ដោយ​ផ្ទាល់​តែ​ម្ដង នៅ​ផ្សារ​ទំនើប AEON2 រាជធានី​ភ្នំពេញ ៕