រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ក្រោយពីរៀបការបាន៦ខែ ស្រាប់តែបាត់ខ្លួនពីផ្ទះឈឹង មិនដឹងជាទៅជាមួយអ្នកណា ដល់ទីកន្លែងណា ឬជួបគ្រោះថ្នាក់អ្វីទេ ទើបធ្វើឲ្យបុរសជាឪពុកក្មេកកាន់រូបថតកូនប្រសាស្រីមកពឹងសមត្ថកិច្ចជួយអន្តរាគមន៍។
ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។


នារីដែលបាត់ខ្លួនពីផ្ទះគ្មានដំណឹងនេះ មានឈ្មោះ ថន ដាវី អាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ។ ចំណែកបុរសជាប្តីឈ្មោះឈាត ឆើត អាយុ២០ឆ្នាំដូចគ្នា ជាកម្មករខ្សែភ្លើង ធ្វើការនៅខេត្តព្រះសីហនុ ។ ប្តីប្រពន្ធពួកគេ ត្រូវជាបងប្អូនជីដូនមួយ នឹងគ្នា និងមានស្រុកកំណើតនៅភូមិធ្លក ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
លោកឈ្មោះឈួន ឈាត អាយុ៤០ឆ្នាំ ជាឪក្មេកនារីខាងលើ បានរៀបរាប់ បានឲ្យដឹង ថា កូនប្រុសបានរៀបការកាលពីខែមីនា ឆ្នាំ២០១៩ ហើយប្តីប្រពន្ធថ្មីថ្មោងពួកគេ (កូន) បាននាំគ្នាមកស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ ដោយកូនប្រុសជាកម្មកររាយខ្សែភ្លើង ត្រូវចេញធ្វើការនៅខេត្តព្រះសីហនុ ចំណែកកូនប្រសាស្រី ធ្វើការរោងចក្រនៅភ្នំពេញ។

លុះដល់ថ្ងៃកើតហេតុ ស្រាប់តែកូនប្រសាគាត់បាត់ខ្លួនឈឹងតែម្តង មិនដឹងជាទៅជាមួយអ្នកណា ឬជួបគ្រោះថ្នាក់អ្វីទេ។
ប្រភពបន្តថា ក្រុមគ្រួសារបាននាំគ្នាតាមរកនាង តែមិនប្រទះឃើញសោះ ទើបគាត់ សម្រេចចិត្តធ្វើដំណើរទៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង តែសមត្ថកិច្ចនៅទីនោះ បានប្រាប់គាត់ ឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី១ វិញ ។
បុរសជាឪពុកក្មេកខាងលើ បញ្ជាក់ថា បើកូនស្រីបានឃើញដំណឹងនេះ សូមវិលត្រឡប់មកវិញ ព្រោះក្រុមគ្រួសារមានក្តីបារម្មណ៍ពីសុវត្ថិភាពរបស់នាងខ្លាំងណាស់៕