ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ កម្លាំង​នគរបាល​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​សហការ​ជាមួយ​នគរបាល​ខេត្តបន្ទាយមានជ័យ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ ខឹង​នារី​រង​គ្រោះ​សុំ​បែក​ទៅ​រៀប​ការ​ជាមួយ​អ្នក​ថ្មី ទើប​យក​រូបថត​អាក្រាត​កាយ​របស់​នាង​ទៅ​បង្ហោះ​ចែកចាយ​លើ​បណ្តា​អ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា នេះ​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​សមត្ថកិច្ច​ខេត្តកណ្ដាល បាន​ចុះ​ស្រាវជ្រាវ​ប្រើ​រយ​:​ពេល​៣​ថ្ងៃ រហូត​កំណត់​មុខសញ្ញា​បាន និង​សហការ​ជាមួយ​នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។​

ជនសង្ស័យ​មានឈ្មោះ លឹ​ម សេង​ហៀ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឯកភាព ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ដបន្ទាយមានជ័យ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ជ​.​ល​.​ដ ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ស្រុក​កោះធំ មុខរបរ​បុគ្គលិក​កាស៊ីណូ ។​

​ប្រភព​ពី​សមត្ថកិច្ច បន្ត​ឲ្យ​ដឹង​ថា កាលពី​កំឡុង​ខែកញ្ញា ២០១៨ ឈ្មោះ លឹ​ម សេង​ហៀ​ង បាន​ទំនាក់ទំនង​ស្រលាញ់​គ្នា​ជាមួយ​នារី​រង​គ្រោះ និង​បាន​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​ប្រហែល​៣​ខែ ។ រហូត​ដល់​កំឡុង​ខែមេសា ឆ្នាំ​២០១៩ នាង​បាន​សុំ​ផ្តាច់ទំនាក់ទំនង​ស្នេហា ជាមួយ​ឈ្មោះ លឹ​ម សេង​ហៀ​ង ព្រោះ​នាង​មាន​បំណង​រៀប​ការ​ជាមួយ​អ្នក​ផ្សេង ប៉ុន្ដែ​ឈ្មោះ​លឹ​ម សេង​ហៀ​ង មិន​ព្រម​បែក​គ្នា ហើយ​បាន​គំរាមកំហែង​ជន​រង​គ្រោះ​ថា នឹង​យក​រូប​ដែល​ខ្លួន​ថត​ទុក​នោះ បង្ហោះ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ហើយ​ឲ្យ​គេឯង​មើល​ទៀត​ផង ។​
​បន្ទាប់​មក​ឈ្មោះ លឹ​ម សេង​ហៀ​ង ក៏​បាន​ផ្ញើ​រូប​អាក្រាត​កាយ របស់​ជន​រង​គ្រោះ ទៅ​ឲ្យ​បងប្អូន និង​មិត្ត​ភ័​ក្ត​របស់​នាង​មើល ហើយ​ឈ្មោះ លឹ​ម សេង​ហៀ​ង នៅ​តែ បន្ដ​ចែកចាយ​រូប​អាក្រាត​កាយ​របស់​នារី​រង​គ្រោះ រួម​ទាំង​រូប​របស់​អ្នក​ទាំង​ពីរ​ធ្លាប់​ដេក​ជាមួយ​គ្នា​ទៀត ទៅ​តាម​រយៈ​ឆាត ក្នុង​គ្រុប​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ ដោយ​ជនសង្ស័យ​ប្រើ​គណនី​ហ្វេ​ស​បុក​ច្រើន រួម​មាន​៖ ទី​១.​លឹ​ម សេង​ហៀ​ង ប្ដូរ​ទៅ លោក ព្រះ ទី​២.​អ្នកក្លាហាន បង្ហុយផ្សែង យក​ឃ្មុំ​លើ​ភ្នំ​ទឹកកក ទី​៣.Bro Heang ទី​៤.Heang Bmc ទី​៥.Bro Net ទី​៦.Hea Heang ទី​៧.Thai khmer ទី​៨.Bro Dy ទី​៩.Bro Oun ទី​១០.Acc Ort Banka និង​ទី​១១.Oun Nich ។​

​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ លឹ​ម សេង​ហៀ​ង បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ស្រលាញ់ រស់នៅ​ជាមួយ​ជន​រង​គ្រោះ និង​បាន​ថតរូប​អាក្រាត​កាយ របស់​ជន​រង​គ្រោះ​ទុកជា​ច្រើន​។​ ​ដោយសារ​តែ​ជន​រង​គ្រោះ ព្យាយាម​សុំ​បែក​គ្នា ទើប​ខ្លួន​សម្រេចចិត្ដ​ផ្ញើ​រូប​អាក្រាត​កាយ​របស់​ជន​រង​គ្រោះ ទៅ​ឲ្យ​បងប្អូន មិត្ដ​ភក្តិ​នៅ​ក្នុង​គ្រុប​ផ្សេង​ៗ​ទៀត​បាន​មើល ដើម្បី​ឲ្យ​ខូច​កិត្ដិយស កេរ្ដិ៍ឈ្មោះ ក្នុង​បំណង​ឲ្យ​ជន​រង​គ្រោះ មក​រស់នៅ​ជាមួយ​ខ្លួន​វិញ ។​

​បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​របស់​ជនសង្ស័យ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៩ នេះ ៕