ខេត្តព្រះសីហនុ៖ នារីជនជាតិអង់គ្លេស ឈ្មោះ BAMBRIDGE AMELIA Louise ដែលបាត់ខ្លួនមួយសប្ដាហ៍ ហើយត្រូវបានសមត្ថកិច្ចរកឃើញសពអណ្ដែតទឹកសមុទ្រ កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នោះ ក្រោយធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចជំនាញ បានឲ្យដឹងថា សពនារីជនជាតិអង់គ្លេស អណ្ដែតទឹកសមុទ្រនោះ គឺស្លាប់ដោយលង់ទឹក មិនមានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ។


ជនរងគ្រោះឈ្មោះ BAMBRIDGE AMELIA Louise ភេទស្រី សញ្ជាតិអង់គ្លេស ជាភ្ញៀវទេសចរ ឆ្នាំកំណើត 14.07.1998 កាន់លិខិតឆ្លងដែនលេខ 531890833 បានបាត់ដំណឹងក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង តាំងពីវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្រោយបញ្ចប់កម្មវិធីជប់លៀងក្នុងកន្លែងកំសាន្តមួយនៅលើកោះនោះ។
ក្រោយអាជ្ញាធរ និងសមត្ថកិច្ច តាមរុករកអស់រយៈពេល៧ថ្ងៃមក នៅថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៩ សាកសព ត្រូវបានប្រទះឃើញអណ្តែត នៅលើផ្ទៃសមុទ្រ ត្រង់ចំណុចជិត ព្រំប្រទល់កម្ពុជា និងថៃស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានចម្ងាយប្រហែលជាង៩២គីឡូម៉ែត្រ ទិសដៅខាងលិចឈៀងខាងជើង ពីកន្លែងបាត់ខ្លួន ហើយបានធ្វើការពិនិត្យសាកសពនោះ ពិតជាជនរងគ្រោះប្រាកដមែន ហើយស្លាប់ដោយសារលង់ទឹក មិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ។ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ សមត្ថកិច្ច បានប្រគល់សព ជូនក្រុមគ្រួសារ និងតំណាងកុងស៊ុលអង់គ្លេសប្រចាំកម្ពុជា ដឹកយកទៅរាជធានីភ្នំពេញ ហើយ ៕