រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័របត់ឆ្លងផ្លូវ ទៅបុកម៉ូតូមួយគ្រឿង ហើយកិនបុរសម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានដែកចំការដូង តាមបណ្តោយផ្លូវ២១៧ កែងនិងផ្លូវ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។


មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខបើកតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវ៣៧១ ក៏ចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1D-2312 ជិះដោយបុរសពីរនាក់ បញ្ច្រាសទិសដៅគ្នា ពេញទំហឹង រួចកិនបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសួគា៍ភ្លាមៗ។ រីឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោល។


បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈកំពុងជិះម៉ូតូមួយគ្រឿងត្រូវរថយន្តកុងតឺន័របើកបត់ឆ្លងផ្លូវទៅបុកនិងកិនពេញទំហឹង។ រួចព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។


សពជនរងគ្រោះ និងអ្នករបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន ទុករង់ចាំប្រគល់ជូនសាច់ញាតិវិញ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕