រាជធានីភ្នំពេញ: សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជូនបុរសម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ លើករណី បង្ករហិង្សា ដោយយកដុំថ្មគប់ទៅលើផ្ទះអ្នកជិតខាង បណ្តាលឲ្យខូចខាត់សម្ភារៈ។

ជនសង្ស័យមានឈ្មោះ អំ វិសាល ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានសមត្ថកិច្ចជំនាញនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤:០០នាទី នៅចំណុច ផ្ទះលេខ២២០ ផ្លូវលំ ភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រោះតែរូបគេ តែងតែប្រើហិង្សារករឿងអ្នកជិតខាង ព្រមទាំងយកដុំថ្មគប់ទៅលើផ្ទះអ្នកជិតខាង បណ្តាល់ឲ្យមានការខូចខាតបែកទ្វារកញ្ចក់ ,បង្អួចកញ្ចក់ និងបង្ករជាការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ។ មិនត្រឹមតែប៉ុណ្ណោះ រូបគេថែមទាំងបានយកសោរចាក់ទ្វារផ្ទះជួលអ្នកជិតខាង ពីខាងក្រៅ ធ្វើឲ្យម្ចាស់ផ្ទះជាប់ក្នុងបន្ទប់ជាច្រើនម៉ោង ដោយសារខឹងឪពុករបស់ខ្លួន ដេញចេញពីផ្ទះ។

ជនសង្ស័យបានប្រាប់ឲ្យដឹងថា រូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន តាំងពីឆ្នាំ២០១៥មកម្ល៉េះ ដល់បច្ចុប្បន្ន ហើយថែមទាំងធ្លាប់ជាប់មណ្ឌលកែប្រែឳកាសខ្ញុំ ៤លើកមកហើយដែរ៕