មេរោគក្រា​ គឺជាមេរោគម្យ៉ាងដែលតែងតែកើតមានទៅលើដំណាំបន្លែស្ទើរតែគ្រប់ប្រភេទ កាលណាមេរោគនេះកើតមានទៅដំណាំបន្លែទាំងអស់នោះវា នឹងធ្វើឲ្យដំណាំលែងលូតលាស់ ឬក៏មានការលូតលាស់យឺត ស៊ីផលដំណាំស្ទើរគ្មានសល់។ ដើម្បីកម្ចាត់មេរោគនេះកសិករតែងតែជ្រើសរើសវិធីប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់សត្វល្អិត ដែលវិធីនេះអាចផ្ដល់ផលប៉ះពាល់ទៅថ្ងៃក្រោយបាន។ ដូច្នេះក្នុងថ្ងៃយើង នឹងណែនាំរូបមន្ដធម្មជាតិក្នុងការកម្ចាត់ក្រាយ៉ាងមានប្រសិទ្ធិភាព។

១. វត្ថុធាតុផ្សំ 
-ទឹកនោមមនុស្ស ឬទឹកនោមសត្វចំនួន១០លីត្រ
-ទន្រ្ទាងខេត្ត២គីឡូក្រាម
-បណ្តូលពេជ្រ២គីឡូក្រាម
-សំបកស្តៅ២គីឡូក្រាម
-ម្ទេស១ក្តាប់

២. សម្ភារៈសម្រាប់ប្រើ 
-ពាងសម្រាប់ដាក់វត្ថុធាតុដើម
-ឈើសម្រាប់កូរ
-គម្របសម្រាប់គ្របពាង
-ធុងសម្រាប់ស្រោច

៣. វិធីធ្វើ
យកវត្ថុធាតុទាំងនោះ ចិញ្រ្ចាំឱ្យម៉ដ្ឋ ដាក់ចូលក្នុងពាងទឹកនោម ហើយកូរសារធាតុនោះបញ្ចូលគ្នាឱ្យសព្វ រួចគ្របឱ្យជិតរក្សាទុកនៅក្រោមម្លប់ឈើ ។ រយៈពេល២ទៅ៣ថ្ងៃ បើកគម្របពាងកូរវាម្តង (ពេលបើកគម្របពាងកូរ ត្រូវពាក់ម៉ាស់ ឬក្រម៉ា ដើម្បីការពារ ព្រោះរយៈពេលនោះ ថ្នាំកំពុងកាច់បញ្ចូលគ្នា មានក្លិន ឈួលអាក្រក់) ។

៤. វិធីប្រើប្រាស់ 
-ក្រោយរក្សាទុកអស់រយៈពេល១ខែ យើងអាចប្រើប្រាស់បាន ។
-ការប្រើប្រាស់ គឺនៅក្នុងកម្រិតទឹកជី១កំប៉ុងទឹកដោះគោ លាយទឹកធម្មតា ២០លីត្រ ស្រោចទៅលើស្រូវ ត្រង់កន្លែងដែលមានបញ្ហាក្រាស៊ី ។
-ការស្រោចត្រូវធ្វើឡើងនៅពេលល្ងាច ហើយដីសើមៗ នោះធ្វើឱ្យថ្នាំមានប្រសិទ្ធភាពល្អ ។

៥. ចំណាប់អារម្មណ៍ 
ថ្នាំផ្សំពីរុក្ខជាតិដូចជា ទន្រ្ទាងខែត្រ បណ្តូលពេជ្រ សម្បកស្តៅ មានប្រសិទ្ធភាព អាចកម្ចាត់សត្វក្រាបាន១០០% ដោយមិនចាំបាច់ចំណាយលុយទិញថ្នាំពុលគីមីមកបាញ់ទេ ។