ខេត្តសៀមរាប ៖ យុវជន២នាក់ បានស្រលាញ់នារីលក់សាច់គោអាំងដូចគ្នា លុះពេលផឹកស៊ីក្លែមសាច់គោអាំងនៅក្បែរគ្នា ក៏បោះសម្តីឌឺដងគ្នា រហូតឈានដល់ហៅបក្ខពួកមកកាប់ចាក់គ្នា បណ្ដាលឲ្យយុវជនម្នាក់របួសធ្ងន់ហូរឈាមកក្លាក់ ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលមុខរបួស រីឯក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
ករណីហិង្សាក្មេងស្ទាវកាប់ចាក់គ្នារឿងស្រលាញ់ស្រីជាន់លេខរៀងគ្នានេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៣៥នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចកន្លែងលក់សាច់ក្រកគោអាំង ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាប ។


ជនរងគ្រោះឈ្មោះ គឹម ចាន់វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិកើតហេតុខាងលើ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយស៊ីសាច់ក្រកគោអាំង នៅកន្លែងនារីអ្នកលក់ ដែលខ្លួនស្រលាញ់ ។ ស្របពេលនោះ ក៏មានភាគីម្ខាងទៀតមិនស្កាល់អត្តសញ្ញាណ ដែលស្រលាញ់នារីលក់សាច់ក្រគោអាំងនោះដែរ កំពុងអង្គុយស៊ីសាច់ក្រកគោអាំងនៅក្បែរគ្នា កើតជាប្រចណ្ឌ បោះពាក្យសម្តីឌឺដងដាក់គ្នា រហូតកើតជាជម្លោះ ហើយភាគីម្ខាងបានហៅបក្ខពួកចំនួន៤នាក់ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវចម្រុះ បំពាក់ស៊ីមាំងបំពងសំឡេងខ្លាំងៗ ក្នុងនោះមានម្នាក់អាយុប្រហែល១៨ឆ្នាំ រាងស្គម សម្បុរខ្មៅ សក់ខ្លី បានធ្វើសកម្មភាពយកកាំបិតផ្គាក់មួយកាប់ទៅលើជនរងគ្រោះ ត្រូវចំថ្លើមដៃខាងឆ្វេង ,កដៃខាងឆ្វេង, កំភួនដៃខាងឆ្វេង និងលើគន្លាក់ដៃបទខាងឆ្វេង រងរបួសធ្ងន់ហូរឈាមកក្លាក់ ហើយក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់អស់។


ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយដេរមុខរបួស។ ចំណែកក្រុមជនដៃដល់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួន ជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕