ខេត្តស្វាយរៀង៖ ក្មេងប្រុសស្រី៣នាក់រត់ប្រឡែងគ្នា និងរុញរបងទ្វារដែកលេង ចៃដន្យទ្វារដែកនោះរលំសង្កត់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល២នាក់ បង្កការភ្ញាក់ផ្អើលពីវេលាម៉ោង៦ល្ងាច ថ្ងៃពុធ ៣កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្រ្ទា ។
សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់នោះ ឈ្មោះ រ៉ី លីវុទ្ធី អាយុ២ឆ្នាំ។


ចំណែកក្មេងស្រីរបួសធ្ងន់ មានឈ្មោះ ឆន លីដា ភេទស្រី អាយុ៤ឆ្នាំ និងឈ្មោះ ជា ស្រីលាភ ភេទស្រី អាយុ២ឆ្នាំ របួសស្រាលរស់នៅភូមិឃុំខាងលើជាមួយគ្នា ។
មុនពេលកើតហេតុ មានក្មេងប្រុសស្រី៣នាក់ បានរត់ប្រឡែងគ្នាមុខផ្ទះនិងនាំគ្នារុញរបងទ្វារដែកលេង ស្រាប់តែចៃដន្យអាក្រក់ដួលសង្កត់ពីលើទាំង៣នាក់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល២នាក់ ។
ក្រោយពេលកើតហេតុ ក្មេងស្រី២នាក់ត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ចំណែកសពក្មេងប្រុសត្រូវបានសមត្ថកិច្ចចុះទៅធ្វើកោសល្យវិច័យ រួចប្រគល់ឲ្យគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕