រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់ ចាញ់ល្បិចជនអនាមិកផ្ញើសារតាមទូរស័ព្ទថា នាងឈ្នះរង្វាន់១០០០០ដុល្លារ តែសុំលុយខ្លះទៅរត់ការវេរលុយតាមវីង១៥០០ពាន់ដុល្លារ លុះបែកធ្លាយរឿង ទើបភ្ញាក់ខ្លួនដឹងថាចាញ់បោកគេ ក៍ក្រុមគ្រួសារនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ៣ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។


នារីរងគ្រោះ ឈ្មោះ រ៉ូ សុខលាភ អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអង្គកែវ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ ចំណែកលុយខាតបង់ ចាញ់បោក ជនបោកប្រាស់ អស់ចំនួន១៥០០ពាន់ដុល្លារ បានត្រឹមកន្ទុយសន្លឹកវេលុយមួយសន្លឹក ជាភ័ស្តុតាង ។
ពីនារីរងគ្រោះ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ មានទូរស័ព្ទហៅចូលមកនាង ដោយប្រាប់ថា នាងឈ្នះរង្វាន់ធំ១០០០០ដុល្លារ (មួយម៉ឺនដុល្លារ) តែខាងក្រុមហ៊ុន តម្រូវឲ្យលោកអ្នកចំណាយលុយខ្លះដើម្បីរត់ការបើកលុយរង្វាន់មហាសាលនោះ ។

គ្រាន់តែឮថាឈ្នះរង្វាន់មហាសាលនោះ នាងស្រវេស្រវាខ្ចីលុយបងប្រុសនៅឯស្រុកផង លុយខ្លួនឯងខំសន្សំផង ផ្ញើលុយថ្លៃសេវារត់ការទៅឲ្យជនសង្ស័យ តាមវីងផង តាមទ្រូម៉ាន់នីផង សរុបអស់១៥០០ពាន់ដុល្លារ នៅល្ងាចទី៣០ ខែតុលា ឆ្នាំ២០១៩ ។ លុះមកដល់ព្រឹកថ្ងៃទី៣១ ខែតុលា លេខទូរស័ព្ទរបស់ជនអនាមិកដដែលទូរស័ព្ទមកទាមទារឲ្យផ្ញើលុយទៀត នាងទូរស័ព្ទទៅរកខ្ចីលុយបងប្អូននៅឯស្រុកបន្ថែមទៀត ទើបបងប្អូនប្រាប់ថានាងចាញ់បោកគេហើយ ។
ក្រោយពីដឹងថា ខ្លួនចាញ់បោកគេ នារីរងគ្រោះ ឈ្មោះ រ៉ូ សុខលាភ ត្រូវបានក្រុមគ្រួសារនាំទៅដាក់ពាក្យបណ្តឹងប៉ូលិចនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីឲ្យជួយអន្តរាគមន៍តាមចាប់ជនខិលខូចនោះ មកផ្ដន្ទាទោសតាមច្បាប់ តែសង្ឃឹមតិចណាស់ ៕