ខេត្តស្វាយរៀង៖ បុរសវៀតណាមម្នាក់ ឆ្លងព្រំដែនមកធ្វើសកម្មភាពលួចម៉ូតូនៅលើទឹកដីខ្មែរ តែមិនបានសម្រេច ត្រូវពលរដ្ឋប្រទះឃើញ នាំគ្នាចាប់ក្របួចជាប់ រួចបញ្ចេញកំហឹងម្នាក់១ដៃ ម្នាក់១ជើង បណ្តាលឲ្យជនសង្ស័យរងរបួសទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់។


ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួលឈ្មោះ ភិន រាក់ ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតក្នុងភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនសង្ស័យជាចោរឆ្លងដែន តែត្រូវអស់លក្ខណ៍ជាប់ខ្នោះនេះ មានឈ្មោះត្រឹង យ៉ាំងកាន់ ភេទប្រុសអាយុ៣៥ឆ្នាំ ជាជនជាតិវៀតណាម មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ ធឹងចឹង ឃុំឡើយធឹង ស្រុក បេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។ ចំណែក ជនរងគ្រោះឈ្មោះធូក រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខកាស៊ីណូពិភពថ្មី មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលចាប់ខ្លួន ជនសង្ស័យខាងលើបានឆ្លងដែនចូលធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះ ម៉ាកហុងដាវ៉េវឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ 70 F1 612-02 (ស្លាកលេខវៀតណាម) តែត្រូវពលរដ្ឋនៅទីនោះប្រទះឃើញទាន់ពេលនាំគ្នាព័ទ្ធចាប់ជនសង្ស័យបាន ព្រមទាំងបញ្ចេញកំហឹងម្នាក់១ដៃ ម្នាក់១ជើង បណ្តាលឲ្យជនសង្ស័យរងរបួសឡើងចត់បាយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅនាំយកជនសង្ស័យ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕