អគ្គិភ័យ​ដ៏​ធំ​មួយ បាន​ឆាបឆេះ​ប្រាសាទ​ស៊ូ​រី​របស់​ជប៉ុន ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​របស់​អង្គការ​យូ​ណេ​ស្កូ នៅ​លើ​កោះ​អូ​គី​ណា​វ៉ា ភាគ​ខាងត្បូង នៅ​ម៉ោង​ប្រមាណ​២​និង​៤០​នាទី​រំលង​អ​ធ្រា​ត ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ជប៉ុន NHK ។​

អាជ្ញាធរ​មូលដ្ឋាន​ថ្លែង​ថា ក្រុម​ពន្លត់អគ្គីភ័យ ប្រើ​ពេល​ជួយ​ពន្លត់ភ្លើង​២​ទៅ​៣​ម៉ោង​ហើយ បន្ទាប់​ពី​អគ្គិភ័យ​បាន​ចាប់ផ្តើម​ឆេះ ហើយ​ប្រជាជន​នៅ​ក្បែរ​នោះ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព យ៉ាងណា​គ្មាន​នរណា​ម្នាក់​រង​របួស​ទេ ។​

​ប៉ុន្តែ​ភ្លាម​ៗ មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ពី​មូលហេតុ​បង្ក​ឱ្យ​ភ្លើង​ឆាបឆេះ​នៅឡើយ​នោះ​ទេ ខណៈ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់ភ្លើង ។​

​ប្រាសាទបុរាណ Shuri ត្រូវ​បាន​សាងសង់​ឡើង​កាលពី​ជាង​៥០០​ឆ្នាំ​មុន​នៃ​រជ្ជកាល Ryukyu ។ ប៉ុន្តែកាលបរិច្ឆេទ​នៃ​ការ​សាងសង់​មិន​មាន​ភាព​ប្រាកដប្រជា​ទេ ​វា​ត្រូវ​បាន​គេគិត​​ថា​ ជា​ប្រាសាទ​មួយ​នៅ​សម័យ​សាន់​ហ្សា​ន (១៣២២-១៤២៩) ហើយ​វា​ប្រហែលជា​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុងអំឡុងពេល​ហ្គូ​ស៊ូ​គូ​ដូច​ប្រាសាទ​ជា​ច្រើន​ទៀត​នៃ​អូ​គី​ណា​វ៉ា ​។ នៅ​ពេល​ដែល​ស្តេច​ ស៊ី​ ហា​ជី ​បាន​បង្រួបបង្រួម​មូលដ្ឋាន​គ្រឹះ​ទាំង​បី​ នៃ​អូ​គី​ណា​វ៉ា ​និង​បាន​បង្កើត​ចក្រភព Ryukyu ព្រះអង្គបាន​ប្រើ​ប្រាសាទ​ស៊ូ​រី ​ជា​លំនៅ​ដ្ឋា​ន ​។​

​ប្រាសាទ​នេះ​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ធ្ង​ន​ធ្ង​រ​នៅ​អំឡុង​សង្គ្រាមលោក​លើក​ទី ២ ប៉ុន្តែ​វា​ត្រូវ​បាន​ជួសជុល​និង​បើក​ដំណើរការ​ឡើង​វិញ​ជា​ឧទ្យាន​ជាតិ​ក្នុង​ឆ្នាំ ១៩៩២ ៕