រាជធានី​ភ្នំពេញ ៖ នា​ពេល​ថ្មី​ៗ​នេះ តារា​កំប្លែង​មាឌ​ល្អិត នាយ ក្រិន បាន​បង្ហាញ​នូវ​សំ​ណេ​រ​ជា​បន្តបន្ទាប់​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ដែល​ពាក្យពេចន៍​រំលេច​ន័យ​ប្លែក​ៗ ធ្វើ​ឲ្យ​មហាជន​អាច​ដឹង​បាន​ថា នាយ​បង្ហាញ​ពី​ភាព​ប្រេះឆា​រវាង​ភរិយា ក្រោម​ហេតុផល​ផិតក្បត់ គ្រា​ដែល​ជីវិត​ស្នេហ៍​មាន​ច្រើន​ឆ្នាំទៅ​ហើយ ។

ដើម្បី​ដឹង​ថា តើ​ជា​ការ​ពិត​ឫ​ទេ ? អ្នក​យក​ព័ត៌មាន​យើង បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​សួរ​នាយ​ផ្ទាល់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ២០១៩ ពាក់ព័ន្ធ​រឿង​ដែល​កំពុង​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​នេះ ត្រូវ​បាន​នាយ ក្រិន ឆ្លើយ​ប្រាប់​យ៉ាង​ខ្លី​ថា សារ​ដែល​លោក​បង្ហោះ​នោះ គឺជា​រឿង​ពិត ប៉ុន្តែ​លោក​សុំ​មិន​ធ្វើការ​បកស្រាយ​លម្អិត អំពី​រឿងរ៉ាវ​នេះ​ទេ ។

ការ​បង្ហាញ​អារម្មណ៍​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នាយ ក្រិន សរសេរ​យ៉ាង​ខ្លី​អម​ជាមួយ​រូប​កូន​ៗ​ថា «​ស៊ូ​នៅ​ជាមួយ​ប៉ា ស្រ​វ៉ា អោប​បង ម៉ាក់​ផិត​ប៉ា​ម្ដង​ហើយ​ម្ដងទៀត កូន​ជូនពរ​ម៉ាក់​សុខ​ផ្លូវ​កាយ​» ។ នេះ​គឺជា​សារ​ចុង​ក្រោយ ដែល​នាយ​បាន​បង្ហោះ​នៅ​យប់​ថ្ងៃ​ទី​២៩ តុលា​នេះ ។ តារា​កំប្លែង​មាឌ​ល្អិត ក៏​បាន​បញ្ចេញ​សារ​មាន​ភ្ជាប់​ជាមួយ​កូនប្រុស​របស់​លោក​ម្នាក់​កំពុង​យំ​អោន​មុខ​លើ​តុ​ផង​ដែរ​ថា «​ខ្ញុំ​យំ​ព្រោះ​ខឹង ម្ដាយ​ខ្លួន​ជា​មនុស្ស អារម្មណ៍​ជា​សត្វ​» ។

ទោះជា​យ៉ាងណា​មូលហេតុ​ពិត​នៅ​ពីក្រោយ​រឿងរ៉ាវ​នៃ​ការ​បែកបាក់​នេះ គេ​នៅ​មិន​ទាន់​ដឹង​ដោយសារ​អ្វី​នោះ​ឡើយ ។

នាយ​ក្រិន ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រពន្ធ​២​នាក់ ហើយ​មានកូន​សរុប​រហូត​ដល់​ទៅ​៤​នាក់ (​ប្រុស​២​ស្រី​២) ក្នុង​នោះ​កូន​ប្រពន្ធដើម ម្នាក់​ជា​ប្រុស បច្ចុប្បន្ន​កំពុង​រស់នៅ​ជាមួយ​អតីត​ប្រពន្ធដើម នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ។ បន្ទាប់​ពី​ចែកផ្លូវ​គ្នា​ពី​ភរិយា​ដើម នាយ ក្រិន បន្ត​រៀប​ការ​ជាមួយ​ភរិយា​ទី​២ អំឡុង​ឆ្នាំ​២០១៣ ដែល​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ ដោយ​ទទួល​បាន​ចំណងដៃ កូន​៣​នាក់​ទៀត ។ កូនប្រុស​ច្បង​ជាមួយ​ភរិយា​ក្រោយ មាន​អាយុ​ជិត​៥​ឆ្នាំ កូនស្រី​ទី​២ មាន​អាយុ​ជាង​២​ឆ្នាំ និង​កូនស្រី​ពៅ មាន​អាយុ​ជា​១​ខួប​ហើយ ៕