រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ
ថ្លែងថា ពលករដែលទៅធ្វើការងារនៅក្រៅប្រទេស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។

សម្ដេច ស ខេងបានថ្លែងនៅក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេសនៃប្រទេសបញ្ជូនទាំង៣ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា ស្ដីពីតួនាទីប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តប្រវេសន៍ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ថា ការធ្វើទេសន្តប្រវេសន៍ គឺជាសិទ្ធិរបស់ពលរដ្ឋ ក្នុងការជ្រើសរើសការងារធ្វើ។

សម្ដេចមានប្រសាសន៍ថា “ពលករ មានតួនាទីនៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយការបង្កើនប្រសិទ្ធិភាពនៃការអភិវឌ្ឍ និងនៃការទេសន្តប្រវេសន៍ការងារ ត្រូវបានកំណាត់យ៉ាងច្បាស់ថា អាទិភាពមួយរបស់រដ្ឋ ជាសមាជិកអាស៊ាន ទើបមានកិច្ចព្រមព្រៀង ។អាស៊ានមានកិច្ចព្រមព្រៀង ក្នុងការលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ ក៏ត្រូវបានអនុម័ត ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយរដ្ឋសមាជិកអាស៊ាន”។

គូបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីឆ្នាំ២០១៨ ចំនួនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស បានកើនដល់ជាង ១លាន ២សែននាក់ និងបានផ្ញើប្រាក់ត្រឡប់មកស្រុកកំណើតវិញ ក្នុង១ម្នាក់ៗជាង ២ពាន់លានដុល្លារ ។ហើយ ពលករធ្វើការនៅថៃ និងកូរ៉េខាងត្បូង ផ្ញើប្រាក់មកស្រុកកំណើតបានច្រើនជាងគេ៕