ស្រាវជ្រាវដោយឈឹម សេរីភួន ៖

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ។ ព្រះអង្គ ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្ដម សីហនុ និងព្រះមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ ។ ព្រះអនុជព្រះអង្គ ព្រះនាម នរោត្ដម នរិន្ទ្រពង្ស ។

ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី

ពីឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម នៅរាជធានីភ្នំពេញ។ បន្ទាប់មក នៅឆ្នាំ១៩៦២ ព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូនឲ្យទៅសិក្សានៅទីក្រុងប្រាហ្ក (Prague) ប្រទេសឆេកូស្លូវ៉ាគី ។ នៅទីនោះព្រះអង្គបានចូលរៀនសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបាឡេ រហូតដល់ឆ្នាំ១៩៧៥។ ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងឆែក យ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ចេះភាសាអង់គ្លេស និងរុស្សី យ៉ាងប្រសើរផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាហ្ក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្តនៅប្រទេសកូរ៉េខាងជើង ។

ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលសិក្សានៅប្រទេសឆេក

នៅឆ្នាំ១៩៧៧ ព្រះអង្គយាងនិវត្តន៍មកកាន់មាតុប្រទេស(កម្ពុជាប្រជាធិបតេយ្យ ពេលពួកខ្មែរក្រហមកំពុងកាន់អំណាច) ដោយខៀវ សំផន បានក្លែងលិខិតជាព្រះបិតាសីហនុ ឲ្យមកចូលរួមថ្ងៃបុណ្យជ័យជន្នះ ១៧មេសា ហើយពួកវាបានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំង ជាមួយព្រះបិតាព្រហមាតា រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាម វាយចូលដល់ជាយក្រុងភ្នំពេញ ទើបមានឱកាសចាកចេញទៅក្រុងប៉េកាំង ។

ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលសិក្សានៅប្រទេសឆេក

នៅឆ្នាំ១៩៨១ ព្រះអង្គទ្រង់យាងទៅកាន់ទីក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀនរបាំបាឡេ និងបានទទួល ព្រះតួនាទីជា ប្រធានសមាគមរបាំ ខ្មែរ។ ព្រះអង្គទ្រង់ គង់នៅប្រទេសបារាំង ជិត២០ឆ្នាំ ប៉ុន្តែព្រះអង្គ បានយាងទៅ ទីក្រុងប្រាគ ជារឿយៗ ជាទីដែលព្រះអង្គធ្លាប់បានទៅសិក្សាកាលព្រះជន្មក្មេងវស្សា ។

ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលសិក្សានៅប្រទេសឆេក

នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាទីដែលព្រះអង្គធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា ។ ព្រះអង្គធ្លាប់ បានបដិសេធចំពោះការតែងតាំងព្រះអង្គ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសបារាំង ។

ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលសិក្សានៅប្រទេសឆេក

ក្រោយការដាក់រាជ្យនៃព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ មួយសប្តាហ៍ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បតិ្ត ជ្រើសតាំងជាព្រះមហាក្សត្រថ្មី ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិ នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤ ៕