ខេត្តកណ្តាល៖ ជនជាតិវៀតណាម២នាក់ប្តីប្រពន្ធ បានបើកម៉ូតូឌុបគ្នាតាំងពីភ្នំពេញ យកក្រវិលស្ពាន់បន្លំជាផ្លាទីន ទៅលក់ឲ្យគេនៅផ្សារកោះធំ លុះពេលភាគីអ្នកទិញដឹងថា ក្រវឹលក្លែងក្លាយ ក៏ប្តឹងឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនជនសង្ស័យតែម្តង។ ករណីឆបោកនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ។
ជនសង្ស័យជាប្តីមាន ឈ្មោះ ង្វៀង យ៉ាំងតាវ អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ និងស្រ្តីសង្ស័យជាប្រពន្ធមានឈ្មោះ ង្វៀង ធីលីវ អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ដកហូត ក្រវិលផ្លាទីនក្លែងក្លាយ(ស្ពាន់) ០៣គូ ,ទូរស័ព្ទដៃ០២គ្រឿង ,ម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FI-៨៣៨៩ ។


ចំណែក ជនរងគ្រោះ ទី១.ឈ្មោះគង ម៉ីម៉ី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុមុខរបរ កសិករលក់ដូរ ។ ទី២.ឈ្មោះសៅ សៀកម៉េង ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរលក់ដូរគ្រឿងអលង្ការ ។ និងទី៣.ឈ្មោះឃុន ផេង ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរលក់ដូរ ។


សមត្ថកិច្ច បានឲ្យដឹងថា កាលពីពេលវេលាម៉ោងខាងលើ ជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ បានជិះម៉ូតូ យកក្រវិលផ្លាទីនក្លែងក្លាយ (ស្ពាន់) មកលក់ឲ្យជនរងគ្រោះឃុន ផេង ក្នុងតម្លៃ១០៨ ០០០រៀល ។ បន្ទាប់មកបានបន្តមកលក់ឲ្យជនរងគ្រោះ គង ម៉ីម៉ី ក្នុងតម្លៃ១៥៥ ០០០តម្លៃ ដែលជាអាជីវករលក់គ្រឿងអលង្ការ ក្នុងផ្សាកោះធំ ។ ក្រោយមកបានបន្តិច ជនរងគ្រោះទាំង ០២នាក់ ត្រូវបានម៉ូយដែលទិញផ្លាទីនបន្ត ប្រាប់ថា ជារបស់ក្លែងក្លាយ(ស្ពាន់) ភ្លាមៗនោះជនរងគ្រោះ គង ម៉ីម៉ី ក៏បាន រាយការណ៍ មកកាន់នគរបាលស្រុកកោះធំតែម្ដង ។

ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីនេះកម្លាំង ជំនាញស្រុកបានចុះដល់ចំណុចកើតហេតុភ្លាមៗ រួចបាននាំខ្លួនជនសង្ស័យទាំង២ រួមជាមួយវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ដោយឡែកប្រាក់ដែលលក់បាននោះ ត្រូវបានជនរងគ្រោះ យកពីជនសង្ស័យវិញអស់ហើយ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២បានសារភាពថា ពួកគេពិតជាបានយកក្រវិលផ្លាកទីនក្លែងក្លាយ(ស្ពាន់)០៣គូ ពីរាជធានី ភ្នំពេញ មកលក់ឲ្យជនរងគ្រោះទាំង ០៣នាក់ខាងលើ ប្រាកដមែន គ្រាន់តែពេលលក់ឲ្យឈ្មោះ សៅ សៀកម៉េង តាំងពីប្រមាណជា ១០ថ្ងៃមុនមកម្លេះ ហើយក៏បានចាយប្រាក់នោះអស់ហើយដែរ។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។