ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

នៅក្នុងឆ្នាំ១៩៥៥ ក្រោយពីមហាក្សត្រនរោត្តម សីហនុ សម្រេចព្រះទ័យដាក់រាជ្យ ព្រះអង្គក៏ឆ្លៀតឱកាស ដែលព្រះបិតានរោត្តម សុរាម្រិត និងព្រះមាតាស៊ីសុវត្ថិ កុសុមៈ កំពុងជាប់រវល់ក្នុងពិធីរៀបអភិសេកឡើងគ្រងរាជ្យសម្បត្តិ បន្តពីព្រះអង្គនោះ ព្រះអង្គក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយម្ចាស់ក្សត្រិយ៍ថាវេត នរលក្ខណ៍ និងចាត់ទុកព្រះនាងជាមហេសី ទី១ ជាផ្លូវការ គឺទន្ទឹមពេលដែលព្រះអង្គបានទាក់ទងស្នេហាជាមួយអ្នកម្នាងម៉ូនិក អស់រយៈពេលបាន៣ឆ្នាំមកហើយនោះដែរ ។

ព្រះមហាក្សត្រនរោត្តម សីហនុ

ក្រោយមក ទើបព្រះអង្គបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកម្នាងម៉ូនិក និងចាត់ទុកថាជាមហេសីពេញច្បាប់ទី២។
ព្រះមហាក្សត្រនរោត្តម សីហនុ សព្វព្រះទ័យចំពោះមហេសីទាំងពីរនេះជាងមហេសីផ្សេងៗទៀត។ ប៉ុន្តែ ដោយសារតែម្ចាស់ក្សត្រីនរោត្តម ថាវេត នរលក្ខណ៍ មានការច្រណែន និងប្រចណ្ឌនឹងអ្នកម្នាងម៉ូនិក ខ្លាំងពេក ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៦០មក ម្ចាស់ក្សត្រីនរោត្តម ថាវេត នរលក្ខណ៍ ក៏ចេះតែមានការរកាំរកូសរង្គោះរង្គើជាមួយព្រះអង្គ ហើយបើទោះបីជាមិនដល់ថ្នាក់លះលែង ក៏ត្រូវរស់នៅឆ្ងាយពីគ្នាដែរ។

ម្ចាស់ក្សត្រីនរោត្តម ថាវេត នរលក្ខណ៍

តែយ៉ាងណាក៏ដោយ ក៏ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ម្ចាស់ក្សត្រីនរោត្តម ថាវេត នរលក្ខណ៍ ដែលគ្មានបុត្រាបុត្រីមួយអង្គសោះនោះ ក៏បានយាងទៅរស់នៅទីក្រុងប៉េកាំង ជាមួយម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន ជាព្រះមាតុច្ឆា និងជាមាតាក្មេកផងនោះ រហូតដល់ម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន សោយទិវង្គតទៅទីក្រុងប៉េកាំង ថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៧៥ ទើបព្រះនាងសម្រេចដកព្រះកាយចេញពីសម្តេចព្រះនរោត្តម សីហនុ និរទេសព្រះកាយទៅរស់នៅប្រទេសបារាំង ហើយត្រូវបានអាជ្ញាធរបារាំង ទទួលឲ្យរស់នៅក្នុងមជ្ឈមណ្ឌលសម្រាប់មនុស្សចាស់ចូលនិវត្តន៍។

ព្រះមហាក្សត្រនរោត្តម សីហមុនី និងសម្តេចព្រះរាម នរោត្តម បុប្ផាទេវី ពេលយាងទៅសួរសុខទុក្ខ ម្ចាស់ក្សត្រីនរោត្តម ថាវេត នរលក្ខណ៍

សម្តេចសីហនុ បានព្រះរាជនិពន្ធចម្រៀងមួយបទមានចំណងជើងថា “ស្នេហាពុំមានសង្ឃឹម”ថ្វាយម្ចាស់ក្សត្រីនរោត្តម ថាវេត នរលក្ខណ៍ ហៅម្ចាស់ពៅ ផងដែរ។
ម្ចាស់ក្សត្រីនរោត្តម ថាវេត នរលក្ខណ៍ ហៅម្ចាស់ពៅ បានសោយទិវង្គត់ នាវេលោម៉ោង ១:៣០ នាទី ថ្ងែ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពោធ ។