ខេត្តក្រចេះ៖ ជនសង្ស័យល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំបូរ ធ្វើការចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈលើក្រមុំមានសតិមិនគ្រប់ម្នាក់ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិទោង ឃុំរលួស ស្រុកសំបូរ ។


សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ាន់ ធឿន អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែក នារីរងគ្រោះ ឈ្មោះ ខ.ស.ល អាយុ១៨ឆ្នាំ មានសតិមិនគ្រប់។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅនារីរងគ្រោះ ឲ្យដើរចូលផ្ទះរបស់ខ្លួន ហើយធ្វើសកម្មភាពសម្រាតខោបម្រុងរំលោភនារីរងគ្រោះ តែប្អូនរបស់នារីរងគ្រោះមកទាន់ ទើបជនសង្ស័យក៏បានបញ្ឈប់សកម្មភាព។ លុះដល់ម៉ោង២២ ថ្ងៃដដែលជនសង្ស័យ ក៏បានទៅផ្ទះជនរងគ្រោះ ហើយនិយាយគំរាមសម្លាប់ជនរងគ្រោះ។ ក្រោយកើតហេតុ ម្ដាយរបស់នារងគ្រោះ បានទៅដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុស្តិ៍រលួសមានជ័យ ឲ្យជួយអន្តរាគមន៍តែម្តង។


សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះទៅធ្វើការស្រាវជ្រាវ ឈានដល់ចាប់ខ្លួនជនសង្ស័យយកមកសាកសួរតែម្ដង។ ពេលនោះជនសង្ស័យបានសារភាពថា ខ្លួនបានចាប់រំលោភជនរងគ្រោះបានសម្រេចចំនួន១លើក និងមិនបានសម្រេចចំនួន២លើក។
ជនសង្ស័យត្រូវសមត្ថកិច្ចមូលដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបានបាលស្រុកសំបូរ ដើម្បីចាត់ការតាមនីតិវិធី៕