រាជធានីភ្នំពេញ៖ យុវជននិងយុវនារី២នាក់ជិះម៉ូតូកញ្ចាស់គ្មានស្លាកលេខ ក្នុងល្បឿនលឿន ហើយវ៉ាជែង មិនផុត បានជ្រុលចង្កូតទៅប៉ះកាងរថយន្តស្ទួច បណ្តាលឲ្យដួលចូលក្រោមកង់រថយន្ត កិនស្លាប់ទាំង២នាក់តែម្តង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង៣០មែត្រ ខាងកើតបុរសន្តិភាព២ ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។


ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ វ័យជាង២០ឆ្នាំ និងយុវនារីម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ រួមដំណើរជាមួយ។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ កញ្ចាស់គ្មានស្លាកលេខ ម៉ូតូម៉ាកខាងលើតាមបណ្តោយផ្លូវបេតុង៣០ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះ បានវ៉ាជែងរថយន្តមួយគ្រឿងកំពុងនៅខាងមុខស្របទិសគ្នា ពេលនោះក៍ប៉ះកាងខាងឆ្វេងរថយន្តស្ទូច ប្រភេទ៥តោន ម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខភ្នំពេញ3E-3871 បើកបរដោយបុរសម្នាក់ មកពីមុខ បញ្ច្រាស់ទិសគ្នាជាមួយម៉ូតូ បណ្ដាលឲ្យដួលម៉ូតូចូលក្រោមទាំងសងខាងកិនអូសជាង១០មែត្រស្លាប់ទាំង២នាក់ យ៉ាងអណោចអធម័។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឲ្យរថយន្តដឹកសពទាំង២ យកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕