ខេត្តសៀមរាប​ ៖ មនុស្សប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននាំទៅចាត់ការតាមផ្លូវច្បាបស់ ក្រោយពីជនសង្ស័យទាំង២នាក់ ដើរចែកសំបុត្របុណ្យកឋិន តែយកលុយចាយខ្លួនឯង ដោយមិនធ្លាក់នរគអ្វីទាំងអស់។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះឌី សាន ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន កាលពីថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២ និង១០នាទី នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ពីបទឆបោក ប្រើប្រាស់លិខិតក្លែងដើររៃអង្គាសបោកយកប្រាក់។ និងជនសង្ស័យមានឈ្មោះសន សំអុល ភេទប្រុស អាយុ៥៥ឆ្នាំ បានយកក្រដាសកម្មវិធីបុណ្យកឋិនទានដង្ហែរទៅកាន់វត្តរត្តនះទ្វីបកែវកំបោរ តែកម្មវិធីបុណ្យប្រារព្ធធ្វើនៅវត្តស្វាយរមៀត។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលចាប់ខ្លួន ជនសង្ស័យឈ្មោះសន សំអុល កំពុងធ្វើសកម្មភាព ក៏មានលោកគ្រូព្រះនាម នឿម វុទ្ធី ព្រះចៅអធិការវត្តបារាយមហាទីរតនារាម ហៅវត្តស្វាយរមៀត បាននិមន្តមក ក៏ប្រទះឃើញជនសង្ស័យ ដើរកាន់លិខិតបុណ្យរៃអង្គាសប្រាក់ពីភ្ញៀវមុខប្រាសាទអង្គរ ពេលនោះព្រះចៅអធិការខាងលើ ក៏បានពិនិត្យមើលលិខិតបុណ្យហើយក៏មានកម្មវិធីបុណ្យនៅវត្តស្វាយរមៀតដូចក្រដាសបុណ្យរបស់ជនសង្ស័យឈ្មោះសន សំអុល ដែរ តែក្រដាសកម្មវិធីបុណ្យរបស់ជនសង្ស័យ អ្នកផ្តើមបុណ្យ សុទ្ធសឹងតែព្រះចៅអធិការ មិនដែលស្គាល់ ដោយឃើញលិខិតបុណ្យមិនប្រក្រតី ព្រះចៅអធិការ ក៏បានរាយការណ៍មកសមត្ថកិច្ចចាប់ខ្លួនតែម្តង។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកខ្លួនពិតជាយកលិខិតកម្មវិធីបុណ្យក្លែងបន្លំរៃអង្គាសយកប្រាក់ពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែឆ្នាំដដែលបានប្រាក់សរុបចំនួន៣០ម៉ឺន ហើយយកមកចាយវាយផ្ទាល់ខ្លួនចំនួន១០ម៉ឺន ចំណែកប្រាក់២០ម៉ឺន ខ្លួនប្រគល់ឲ្យឈ្មោះឈ្មោះ អឹម សីហា ហៅសង្ហា ហើយសំបុត្របុណ្យគឺឈ្មោះ អឹម សីហា ហៅសង្ហាជាអ្នកធ្វើឲ្យពួកខ្លួន ដើររៃអង្គាស ។
ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់៕