ភ្នំពេញ​ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នេះបានបញ្ជូនជនសង្ស័យម្មាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ លើករណីឃាតកម្មគិតទុកជាមុន យកដុំថ្មគប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមធ្ងន់ធ្ងរ រហូតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ជនសង្ស័យមានឈ្មោះ មិ ភៀន ហៅស្កូវ ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវបានកម្លាំងមូល ដ្ឋានអាវុធហត្ថមូលដ្ឋានខណ្ឌព្រែកព្នៅ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦:០០នាទី នៅចំណុចភូមិសែខសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះ ឈ្មោះ ម៉ុន រតនៈ ហៅកាមុត ភេទប្រុស អាយុ ១៧ឆ្នាំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩:០០នាទី ត្រូវចំក្បាលបណ្តាល់ឲ្យរងរបួសបែកក្បាលហូរឈាមធ្ងន់ធ្ងររហូតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា គឺពិតជាបានយកដុំថ្មគប់ទៅលើជនរងគ្រោះពិតប្រាកដមែន តែពុំដឹងថាបណ្តាលឲ្យជនរងគ្រោះស្លាប់នោះទេ។ មុនពេលធ្វើសកម្មភាព រូបខ្លួន បានអង្គុយផឹកស្រាជាមួយមិត្តភក្តិ ឈ្មោះ អ៊ឹម វីរៈ ហៅញ៉ាញ់ ភេទប្រុស នៅក្នុងរោងលក់សាំង ទល់មុខកន្លែងផ្ទេរសំរាមស៊ិនទ្រី ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ លុះផឹកបានមួយសន្ទុះ រូបគេបានចេញមកក្រៅរោង ដោយកាន់ដុំថ្មប៉ុនកំភួនជើងជាប់និងដៃ បន្ទាប់មករូបគេបានឃើញមានអ្នកជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក៏គប់ទៅលើអ្នកធ្វើដំណើរនោះតែម្តង។

ជនសង្ស័យ ខាងលើ បានបញ្ជាក់បន្ថែមទៀតថារូបគេ និងជនរងគ្រោះពុំមានទំនាស់គំគួន ឬប្លន់យកទ្រព្យសម្បត្តិអ្វីនោះទេ តែដោយសារ តែរូបគេប្រើប្រាស់គ្រឿងញៀនផង ផឹកស្រាស្រវឹងផង និងមានទំនាស់ជាមួយប្រពន្ធផង ក៏កើតចិត្តកំហឹងបែបនឹងតែម្តង រីឯឈ្មោះ អ៊ឹម វីរៈ ហៅញ៉ាញ់ ពុំមានជាប់ពាក់ព័ន្ធជាមួយករណី ខាងលើនោះទេ​ ៕