ប្រទេសអង់គ្លេស​ ៖ យ៉ាងហោចណាស់មនុស្ស ៦ នាក់ក្នុងចំណោម ៣៩ នាក់ដែលគេរកឃើញនៅក្នុងកុងតឺន័រដឹកទំនិញមួយនៅតំបន់ Essex ប្រទេសអង់គ្លេស នោះ សង្ស័យជាជនជាតិវៀតណាម ។
ប្រភពព័ត៌មានប៊ីប៊ីស៊ីអះអាងថា បានដឹងអំពីគ្រួសារ ជនជាតិវៀតណាម ៦នាក់ដែលបារម្ភថាសាច់ញាតិរបស់ពួកគេ ស្ថិតក្នុងចំណោមជនរងគ្រោះទាំង៣៩នាក់ដែលបានស្លាប់នោះ។

គ្រួសារវៀតណាមមួយ ឈ្មោះPham Ngoc Tuan បានអះអាងថា ប្អូនស្រីគាត់ឈ្មោះ Pham Thi Tra My អាយុ២៦ឆ្នាំ បានផ្ញើសារមកក្រុមគ្រួសារកាលពីថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០១៩ថា នាងមិនអាចដកដង្ហើមបានទេ។

លោក Pham Ngoc Tuan បានប្រាប់បណ្ដាញមានព័ត៌BBC ថា“ ប្អូនស្រី Pham Thi Tra My របស់គាត់បានបាត់ខ្លួននៅថ្ងៃទី ២៣ ខែតុលា តាមផ្លូវពីប្រទេសវៀតណាម ទៅចក្រភពអង់គ្លេស ហើយយើងមិនអាចទាក់ទងនាងបានទេ។ យើងមានការព្រួយបារម្ភថា នាងអាចនឹងស្ថិតនៅក្នុង ករណីប្រទះឃើញ មនុស្សស្លាប់ ចំនួន៣៩នាក់នោះ។ យើងកំពុងស្នើសុំឱ្យប៉ូលិសអង់គ្លេស ជួយស៊ើបអង្កេតដើម្បីឱ្យប្អូនស្រីរបស់គាត់អាចវិលត្រឡប់មកគ្រួសារវិញ។
ប្រភពបានបន្តថា សារចុងក្រោយដែលទទួលបានពី Tra My គឺនៅម៉ោង ២២ និង៣០ នាទី ថ្ងៃអង្គារ ពោលគឺពីរម៉ោងមុនពេល រថយន្តកុងតឺន័រនោះទៅដល់ស្ថានីយ Purfleet ពីទីក្រុង Zeebrugge ប្រទេសបែលហ្ស៊ិក។
គ្រួសាររបស់នាងបានចែករំលែកអត្ថបទដែលនាងTra My បានផ្ញើទៅឪពុកម្តាយរបស់នាង ដោយសរសេរថា“ ខ្ញុំពិតជាសោកស្តាយណាស់ ម៉ាក់ និងប៉ា ការធ្វើដំណើររបស់ខ្ញុំទៅកាន់ទឹកដីបរទេសបានបរាជ័យ”។”ខ្ញុំជិតស្លាប់ហើយ ខ្ញុំមិនអាចដកដង្ហើមបានទេ ។ ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ ម៉ាក់ និងប៉ា។ ខ្ញុំសុំទោសអ្នកម្តាយ “។
បងប្រុសរបស់ Tra My បានប្រាប់ BBC ថា ដំណើររបស់ប្អូនស្រីទៅកាន់ចក្រភពអង់គ្លេសបានចាប់ផ្តើម កាលពីថ្ងៃទី ៣ ខែតុលា។ នាងបានប្រាប់ក្រុមគ្រួសារមិនឱ្យទាក់ទងនាងទេ ពីព្រោះ “អ្នករៀបចំ” មិនអនុញ្ញាតឱ្យនាងទទួលការហៅ ទូរស័ព្ទនោះឡើយ។
ជនជាតិវៀតណាមពីរនាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួនដែរនោះ គឺ បុរសម្នាក់អាយុ ២៦ ឆ្នាំ និងស្ត្រីម្នាក់ អាយុ១៩ឆ្នាំ។

ប្អូនប្រុសអាយុ២៦ឆ្នាំ បាននិយាយថា ប្អូនស្រីរបស់គាត់បានទូរស័ព្ទមកគាត់នៅម៉ោង៧និង២០នាទី ម៉ោងក្នុងប្រទេសបែលហ្ស៊ិក កាលពីថ្ងៃអង្គារ ទី២២ ខែតុលា ថា នាងចូលទៅក្នុងធុងមួយហើយកំពុងបិទទូរស័ព្ទរបស់នាង ដើម្បីចៀសវាងការរាវរក ហើយចាប់តាំងពីពេលនោះមក គាត់លែងបានទទួលដំណឹងពីនាង។
ប្រភពមយយបានឲ្យដឹងថា អ្នករត់ពន្ធមនុស្សម្នាក់បានប្រគល់ប្រាក់សងទៅក្រុមគ្រួសារគាត់វិញទាំងយប់ ហើយក្រុមគ្រួសាររបស់បុរសអាយុ២៦ឆ្នាំ ខាងលើនេះ ក៏បានទទួលប្រាក់វិញដែរ។
អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសបានបញ្ជាក់ថា ពួកគេបានទាក់ទងជាមួយប៉ូលិស ក្នុងតំបន់Essex រួចហើយពាក់ព័ន្ធនឹង ករណីអ្នកនាង Tra My នេះ។
បុរសម្នាក់ អាយុ៤៨ឆ្នាំ មកពីអៀរឡង់ខាងជើង គឺជាជាជនសង្ស័យទី៤ ដែលត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Stansted ពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីខាងលើនេះ៕