រាជធានីភ្នំពេញ ៖ ក្រោយពីតួសម្ដែងភាគច្រើន រិះគន់ថាថតរឿងចប់ មិនបានលុយ និងឲ្យតម្លៃខ្លួនមិនសមរម្យនោះ នៅក្នុងពិធីក្រុងពាលីចេញថតរឿង “និស្ស័យខ្លុយស្នេហ៍” កាលពីព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០១៩ ផលិតករប៉ុស្តិ៍លេខ៥ បានអះអាងប្រាប់តួសម្ដែងទាំងអស់ថា កុំភ័យពីរឿងលុយ ហើយស្នើឲ្យតួសម្ដែងទាំងអស់ ត្រូវតែសហការចាប់ដៃ ដើម្បីឲ្យប៉ុស្តិ៍លេខ៥ ផលិតឲ្យបានរួចរាល់នៅអំឡុង៣ខែក្រោយនេះ។

លោក ហួង តារាមុន្នី ប្រធានផ្នែកផលិតប្រចាំនៅប៉ុស្តិ៍លេខ៥ បញ្ជាក់ថា ភាពយន្តរឿង “និស្ស័យខ្លុយស្នេហ៍” មានជាង៣០ភាគ ដោយចំណាយការថតប្រមាណ៣ខែ កាត់ត៣ខែ និងត្រូវផលិតឲ្យបានរួចរាល់ នៅ៦ខែក្រោយ។

លោកបញ្ជាក់ថា តារាដែលសម្ដែងនៅប៉ុស្តិ៍លេខ៥ ទាងអស់ កុំភ័យពីរឿងលុយ ប៉ុស្តិ៍លេខ៥ មិនដែលមានករណីជំពាក់លុយតួ ឬ ឲ្យតួថោកដូចអ្វីដែលលោកធ្លាប់ឮនោះទេ។ ក្នុងនោះតួសម្ដែងដែលប៉ុស្តិ៍លេខហៅថត ក៍មិនដែលមានប្រវត្តិឲ្យថោកៗ ធ្វើឲ្យតួអន់ចិត្ត និងបាក់ទឹកចិត្តនោះដែរ អ៊ីចឹងហើយ ទើបតារាសម្ដែងក្នុងក្រុមប៉ុស្តិ៍លេខ៥ ច្រើនតែមុខដដែលៗ ដោយសារតែធ្វើការជាមួយប៉ុស្តិ៍លេខ៥ តម្លៃខ្លួនក៏បានខ្ពស់ ហើយលុយក៏បើកស្រួល។


លោកថាភាពយន្តនេះ ដ្បិតថាជាការទិញសិទ្ធិពីភាពយន្តថៃ ប៉ុន្តែសម្រាប់សាច់រឿង និងប្លង់ទាំងមូល គឺក្រុមផលិត បានក្រឡៃច្នៃប្រឌិត ឲ្យក្លាយជាលក្ខណ: ខ្មែរផងដែរ។ លោកថាប៉ុស្តិ៍លេខ៥ មានគោលការណ៍ទិញសិទ្ធិពីថៃ តែឆ្អឹងរឿងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប៉ារ៉ូល ប្លង់ និងការតុបតែងជាដើម គឺធ្វើឲ្យក្លាយជារបស់ខ្មែរទាំងអស់។
ក្នុងភាពយន្តរឿង “និស្ស័យខ្លុយស្នេហ៍” នេះ ក៏ឆ្លុះបញ្ចាំងពីគ្រួសារខ្មែរចៅចិន និងគ្រួសារខ្មែរនៅក្នុងសម័យកាលមួយ ដែលធ្លាប់កើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយជម្រើសយកតារាសម្ដែងជើងចាស់ និងជើងថ្មី ដើម្បីឲ្យតួអង្គខុសជំនាន់គ្នាច្រើននាក់ បានបង្ហាញសមត្ថភាពរួមគ្នាផងដែរ៕