រាជធានី​ភ្នំពេញ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន សម្រេច​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​ប្រទេស​កម្ពុជា​ជា​បន្ដ​ទៀត ចំនួន​៦០០​លាន​យ័ន ស្មើនឹង​ប្រមាណ​ជិត​៨៥​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ពង្រឹង​វិស័យ​ការពារ​ជាតិ ។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អះអាង​បែប​នេះ​ថា ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន នៅ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រោយ​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន ។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ចិន​នឹង​បង្កើន​នូវ​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ខាង​វិស័យ​យោធា​ក្នុង​ទំហំ​ទឹកប្រាក់​៦០០​លាន​យ័ន សម្រាប់​យើង​យក​មក​ពិភាក្សា និង​ចាត់ចែង​ដើម្បី​បង្កើន​នូវ​សមត្ថភាព​វិស័យ​ការពារ​ជាតិ​របស់​យើង គឺ​ខាង​យោធា​តែ​ម្ដង ដែល​នេះ​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៩ គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុជា ដឹកនាំ​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចូល​ជួប​សម្ដែង​ការ​គួ​សម នាយ​ឧត្តមសេនីយ៍ វ៉េ ហ្វ៊ុ​ង​ហឺ រដ្ឋ​ម​ន្ត្រី្ហ​ការពារ​ជាតិចិន នៅ​ទីក្រុង​ប៉េ​កាំ​ង ។ ក្នុង​ឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​នាយ​ឧត្តមសេនីយ៍ វ៉េ ហ្វ៊ុ​ង​ហឺ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ​វាង​កងទ័ព​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​ចិន ផង​ដែរ ។

នាយ​ឧត្តមសេនីយ៍ វ៉េ ហ្វ៊ុ​ង​ហឺ បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​បាន​ខិតខំ​ជំរុញ ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​ចិន ។

រដ្ឋ​ម​ន្ត្រី្ហ​ការពារ​ជាតិចិន បាន​បញ្ជាក់​ថា ចិន​និង​កម្ពុជា ជា​មិត្ត​ដែកថែប ហើយ​ក្រោម​ការ​ដឹកនាំ​របស់ ប្រធានាធិបតី ស៊ី ជី​ន​ពីង ក៏​ដូច​ជាស​ម្តេច​តេ​ជោ ហ៊ុន សែន ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ កាន់តែ​ស៊ីជម្រៅ ហើយ​បច្ចុប្បន្ន​នេះ ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ។

ជា​ចុង​ក្រោយ រដ្ឋមន្ដ្រី​ការពារ​ជាតិចិន បាន​បញ្ជាក់​ថា ប្រទេស​ចិន​នៅ​តែ​បន្ត​ផ្តល់​ជំនួយ និង​ការ​គាំទ្រ​ដល់​ការ​កសាង​កងទ័ព និង​ការ​អភិវឌ្ឍ​វិស័យ​ការពារ​ជាតិ របស់​ប្រទេស​កម្ពុជា ៕