ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២២​តុលា តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស កញ្ញា សួ​ស វី​ហ្សា ម្ចាស់​បទ វាសនា​បុប្ផា​ស្វាយ​រៀង បាន​ទម្លាយ​នូវ​រូបភាព​រថយន្ត​ស៊េរី​ទំនើប Lexus 570 kuro 2020 ពណ៌​ខ្មៅ​រលោង តម្លៃ​ជាង​២២​ម៉ឺន​ដុល្លារ យ៉ាង​ភ្ញាក់ផ្អើល នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ទៀត​នោះ ស្រប​នឹង​ការ​បង្ហាញ​រថយន្ត​នេះ នាង​ក៏​បាន​បង្ហាញ​ពី​ប្រយោគ​​មួយ​ឃ្លា​ផ្តាំ​ទៅ​បុគ្គល​ដែល​ធ្លាប់​មើលងាយ​គ្រួសារ​នាង​ថា មនុស្ស​កុំ​មើលងាយ​មនុស្ស ។

កញ្ញា សួ​ស វី​ហ្សា បាន​រៀបរាប់​ឲ្យ​ដឹង​ថា មួយ​ជីវិត​នេះ អ្វី​ដែល​ត្រូវធ្វើ គឺ​នាង​បាន​លះបង់​អស់ហើយ​សម្រាប់​គ្រួសារ​មួយ​នេះ​។ កាលពីមុន​គ្រួសារ​នាង​ធ្លាប់​ក្រលំបាក​ឆ្អែត​ហើយ ហើយ​សម្រាប់​រឿង​គេ​មើលងាយ​មើល​ថោក​ក៏​វា​ឆ្អែត​ដែរ តែ​យើង​មិន​ដែល​តបត​គេ​ដោយ​វិធី​អាក្រក់​ទេ ​។

បន្ថែម​ពីលើ​នេះ គ្រួសារ​នាង​តែង​រើស​យក​វិធី​ឈ្នះ​ពួក​នោះ​វិញ ដោយ​ការ​ប្រឹងប្រែង​រកស៊ី សាង​កេរ្តិ៍ឈ្មោះ សាង​កិត្តិយស​ឲ្យ​អ្នក​ទាំងនោះ​បានឃើញ និង​ប្រឹង​ដោយ​សមត្ថភាព មិន​បាន​បៀតបៀន និង​បំផ្លាញ​អ្នក​ណា​ទាំងអស់​។ ចំណែក​ការ​បង្ហោះ​នេះ គឺ​គ្រាន់តែ​ចង់​ប្រាប់​ទៅ​អ្នក​ដែល​ចូល​ចិត្ត​តាំងខ្លួន​អស្ចារ្យ​មួយ​ចំនួន​ថា សូមកុំ​មើលងាយ​មនុស្ស កុំ​មើលងាយ​អ្នកក្រ ធ្វើ​តែ​ល្អ​ៗ​ទៅ ព្រោះ​រឿង​វាសនា​មនុស្ស​វា​មើល​មិនឃើញ​ទេ ម្តង​គេ ម្តង​យើង​ទេ ។

គួរ​ជម្រាប​ផង​ដែរ​ថា សួ​ស វី​ហ្សា ជា​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​មួយ​រូប ស្ថិត​ក្នុង​ផលិតកម្ម​ហង្ស​មាស បច្ចុប្បន្ន​ស្រី ស្រស់​រូប​នេះ មាន​ប្រជាប្រិយភាព និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង​ក្នុង​សង្គម​សិល្បៈ ហើយ​ស្រី​ស្អាត​រូប​នេះ ក៏​ធ្លាប់​ធ្វើ​ជា​គណកម្មការ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភពលោក The Voice Kid Cambodia រដូវ​កាល​ទី​២​ផង​ដែរ ។

បច្ចុប្បន្ន សួ​ស វី​ហ្សា ក្រៅ​តែ​អាជីព​សិល្បៈ​ច្រៀង​នាង​ក៏​មានមុខ​ជំនួញ​ផ្ទាល់ខ្លួន​ដែល​អាច​រក​ចំណូក​បាន​ខ្ពស់​ពី​អាជីព​ទាំង​ពីរ​នេះ​ផង​ដែរ ហើយ​ក៏​កំពុង​តែ​ត្រៀមខ្លួន​ធ្វើ​ជា​កូនក្រមុំ ដោយ​នាង​ត្រូវ​ចូល​រោងការ ជាមួយ នឹង​គូ​ដណ្ដឹង គឺ​លោក ថ​មមី នា​ចុងឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​ហើយ កាលពី​មួយ​រយៈ​កន្លង​ទៅ​នេះ ៕