រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ចាញ់ល្បិចក្រុមទម្លាក់យោង ប្រើល្បិចបោកបញ្ឆោតយកខ្សែកមាសទម្ងន់៧ជី ទៅបាត់ ដូរទុកគ្រាប់ដុំកង់មួយកញ្ចប់ បានត្រឹមស្រែកយំបង្ហូរទឹកភ្នែក រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅក្រោមស្ពានអាកាសថ្មើរជើង ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីចាញ់ល្បិចក្រុមទម្លាក់យោងនេះ ឈ្មោះ ធឹម សាម៉ីន អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ ។ សម្ភារបាត់បង់ អស់ខ្សែកមាស៧ជី ជនសង្ស័យយកបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ស្ត្រីរងគ្រោះបានយំរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់មានប្តី ធ្វើការងារនៅឯក្រុងបាវិត មានកូន២នាក់ នៅឯស្រុកកំណើត។ ចំណែកគាត់មកធ្វើជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ។

មុនពេលកើតហេតុ បានធ្វើដំណើរទៅផ្សារព្រៃទា ទិញខោអាវជជុះបានហើយ ក៏ជួបស្ត្រីសង្ស័យម្នាក់ មកសួរ មានរើសបានថង់លុយអត់ ? មានគេជ្រុះបាត់ គាត់រកតែឆ្លើយមិនទាន់ផង ក៏មានស្ត្រីសង្ស័យម្នាក់ទៀតមកប្រាប់ថា កុំមាត់ខ្លាចគេឮ ហើយស្រាយមាត់ថង់ឲ្យគាត់មើល ឃើញលុយ មាសក្រហមច្រាល ក៏នាំគាត់ឡើងជិះម៉ូតូ មកចំណុចក្រោមស្ពានអាកាសថ្មើរជើងផ្លូវជាតិលេខ៤ ជម្ពូវ័ន ដោយប្រាប់ថាយកលុយ និងមាសក្រហមច្រាលនោះចែកគ្នា ហើយដោះយកខ្សែកមាសគាត់ រួចប្រគល់ថង់ដាក់លុយ និងមាសក្រហមច្រាលនោះឲ្យគាត់ ហើយនាំគ្នាគេចទៅបាត់អស់។ បន្ដិចក្រោយមក គាត់ស្រាយមាត់ថង់នោះមើល ឃើញសុទ្ធតែគ្រាប់ដុំកង់ ទើបដឹងថាបាញ់បោកគេ បានត្រឹមតែស្រែកទ្រហ៊ោយំប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានអ្នករត់ម៉ូតូឌុបឃើញ ក៍ឌុបនាំជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើមម្បីឲ្យជួយស្រាវជ្រាវ និងតាមចាប់ក្រុមជនសង្ស័យ ជាមុខសញ្ញាដដែលៗ ខាងលើ មកផ្ដន្ទាទោសតាមច្បាប់ តែដូចជាគ្មានសង្ឃឹមឡើយ ៕