រាជធានី​ភ្នំពេញ ៖ លោកស្រី មូរ សុខ​ហួរ ជា​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ប្រាប់​អាស៊ី​សេរី កាលពី​ថ្ងៃ​ទី​២២ ខែតុលា ម្សិលមិញ​នេះ​ថា អាជ្ញាធរ​ថៃ​ហាមឃាត់​អ្នកស្រី​មិន​ឲ្យ​ចូល​ទឹកដី​ថៃ គឺជា​រឿង​ពិតប្រាកដមែន ។

ទោះ​យ៉ាង​នេះក្តី​លោកស្រី​អះអាង​ថា លោកស្រី​ជឿ​លើ​ឥទ្ធិពល​នៃ​កម្លាំង​ប្រជាធិបតេយ្យ ដែល​មាននៅ​ក្នុង​រដ្ឋាភិបាលចម្រុះ​របស់​ថៃ ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្តាច់មុខ​របស់​របប​សឹក​ដូច​មុន​ទេ ព្រោះ​រាជ​រដ្ឋា​ភិ​បាល​​ថៃ​ នៅ​ពេល​នេះ មិនមែន​ជា​រាជរដ្ឋាភិបាល​យោធា​ទេ ជា​រាជរដ្ឋាភិបាល​ដែល​មាន​ពហុបក្ស ហើយ​ក្នុង​នោះ ក៏​មាន​អ្នក​សេរី​និយម ដែល​យល់​អំពី​លទ្ធិប្រជាធិបតេយ្យ​ដែរ ។ យើង​នៅ​តែ​មាន​ក្តី​សង្ឃឹមថា យើង​នឹង​ចូល​ប្រទេស​កម្ពុជា យើង​បង្ហាញ​នូវ​ឆន្ទៈ​ជូន​ប្រជាពលរដ្ឋ ។ សំខាន់​គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា យើងខ្ញុំ​មិន​និយាយ​លេងសើច​​ពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទេ ទោះ​បីជា​​មាន​ឧបសគ្គ​យ៉ាងណា ។

សូមជម្រាបថា កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែតុលា​កន្លង​មក នគរបាល​អន្តោប្រវេសន៍​ថៃ បាន​បិទ​មិនឲ្យ​លោកស្រី មូរ សុខ​ហួរ ហោះ​ចូល​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​ទេ ដោយសារ​តែ​លោកស្រី​មានឈ្មោះ​នៅ​ក្នុង​បញ្ជីខ្មៅ ដែល​សមត្ថកិច្ច​កម្ពុជា​ស្នើ​ឲ្យ​ហាមឃាត់​ជាមួយ​ឈ្មោះ សម រ​ង្ស៊ី ។

តាម​ព័ត៌មាន​ដែល​ផ្តល់​​ដោយ​ក្រសួងការបរទេស បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​២០ ខែតុលា ឈ្មោះ​មូរ សុខ​ហួរ បាន​ចេញដំណើរ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ម៉ោង​៣​និង​៤​នាទី​រសៀល តាម​ជើង​យន្តហោះ MH782 ហើយ​បាន​មក​ដល់ទី​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ម៉ោង​៤ និង​៣៤​នាទី​រសៀល ។ ពេល​មក​ដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ នគរបាល​អន្តោប្រវេសន៍​ថៃ បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ដោយសារ​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ ដែល​សមត្ថកិច្ច​កម្ពុជា​ស្នើ​ឲ្យ​ហាមឃាត់ ។ សមត្ថកិច្ច​ថៃ ក៏​បាន​ចារ​ពាក្យ​ហាមឃាត់ មិន​ឲ្យ​ចូល​លើ​លិខិតឆ្លងដែន​របស់​ឈ្មោះ មួរ សុខ​ហួរ ។ ឈ្មោះ​មួរ សុខ​ហួរ បាន​ចាក​ចេញពី​ថៃ ទៅ​ម៉ា​ឡេ​ស៊ី​វិញ នៅ​ម៉ោង​៨​និង​១០​នាទី​យប់ តាម​ជើងហោះហើរ MH781 ។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​អាជ្ញាធរ​ថៃ​ហាមឃាត់មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​ថៃ ព្រោះ​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ ដែល​សមត្ថកិច្ច​កម្ពុជា​ស្នើ​ឲ្យ​ហាមឃាត់​ចំនួន​៩​រូប ក្នុង​នោះ​រួម​មាន ៖ លោក សម រ​ង្ស៊ី​, លោក អេ​ង ឆៃ​អ៊ា​ង​, លោកស្រី មូរ សុខ​ហួរ​, លោក អ៊ូ ច​ន្ទ័​ឫទ្ធិ​, លោក ហូរ វ៉ា​ន់​, លោក ម៉ែ​ន សុ​ថា​វរិ​ន្ទ្រ​, លោក នុ​ត រំដួល​, អ្នកស្រី ជូ​ឡុ​ង សូ​មូរ៉ា និង​លោក ឡុ​ង​រី ៕