ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

នៅក្នុងឆ្នាំ១៩៤៤ ព្រះមហាក្សត្រនរោត្តម សីហនុ បានចាប់ព្រះទ័យស្រឡាញ់អ្នកម្នាងស៊ីសុវត្ថិ មុនីកេស ខ្លាំងជាងអ្នកម្នាងស៊ីសុវត្ថិ ពង្សសានមុនី ទៅទៀត។ អ្នកម្នាងស៊ីសុវត្ថិ មុនីកេស ប្រសូត្រនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩២៩ ជាបុត្រីរបស់ព្រះបរមសពព្រះមុនីវង្ស ជាមួយអ្នកម្នាងបុប្ផា នរលក្ខណ៍តាត (ឈ្មោះដើម យិន តាត)។ អ្នកម្នាងស៊ីសុវត្ថិ មុនីកេស នេះ ត្រូវជាម្តាយមីងរបស់ព្រះមហាក្សត្រនរោត្តម សីហនុ ផងដែរ។

ព្រះអង្គម្ចាស់នរោត្តម នរៈទីបោ (នរោត្តម នរ៉ាឌីប៉ូ) និងនរោត្តម បុទុមបុប្ផា

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៤៦ ម្ចាស់ក្សត្រីស៊ីសុវត្ថិ មុនីកេស ដែលជារាជវង្សប្រកបដោយគុណធម៌មួយអង្គនោះ ប្រសូត្របានបុត្រាមួយអង្គ ព្រះនាមនរោត្តម នរៈទីបោ ខ្លះហៅនាមថា នរោត្តម នរ៉ាឌីប៉ូ ។ ប៉ុន្តែក្រោយពេលប្រសូត្របុត្រានេះ បានតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ព្រះនាងក៏សោយទិវង្គតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៤៦ គួរឲ្យស្តាយស្រណោះបំផុត។
បុត្រាអង្គនេះ ត្រូវបានព្រះមហាក្សត្រនរោត្តម សីហនុ ស្រលាញ់ពេញចិត្តជាងគេ ហើយព្រះអង្គបានបញ្ជូនឲ្យទៅរៀននៅប្រទេសចិន ជំនាញខាងក្សេត្រសាស្ត្រ និងចេះភាសា និងអក្សរសាស្រ្តចិនជ្រៅជ្រះ ហើយគ្រោងឲ្យធ្វើជារាជទាយាទរបស់ព្រះរាជាណាចក្រកម្ពុជាទៀតផង។

ព្រះអង្គម្ចាស់នរោត្តម នរៈទីបោ (នរោត្តម នរ៉ាឌីប៉ូ) នរោត្តម ខេមានុរក្ស និងនរោត្តម យុវនាថ ពេលទៅរៀននៅប្រទេសចិន

ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បុត្រានរោត្តម នរៈទីបោ (នរោត្តម នរ៉ាឌីប៉ូ) មិនបានចាកចេញទៅរស់នៅជាមួយព្រះបិតានរោត្តម សីហនុ ដែលគង់នៅប្រទេសចិននោះទេ ហើយត្រូវបានតុលាការនៃរបបសាធារណរដ្ឋខ្មែរកាត់ទោសពីបទធ្វើវិទ្ធង្សនា ក្នុងឆ្នាំ១៩៧១។ ក្រោយពេលកងទ័ពខ្មែរក្រហម ចូលដល់ទីក្រុងភ្នំពេញ ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ទ្រង់ត្រូវជន្លៀសចេញទៅរស់នៅឯតំបន់ជនបទស្រុកស្រែចម្ការ ដូចប្រជាជនខ្មែរផ្សេងៗទៀតដែរ ហើយមិនយូរប៉ុន្មាន ពួកខ្មែរក្រហមក៏បានធ្វើឃាតទ្រង់ដោយគ្មានការយោគយល់ថា ទ្រង់ជាបុត្រាសម្តេចព្រះនរោត្តម សីហនុ ជាប្រធានរណសិរ្សរួបរួមជាតិកម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេង ដល់ការដណ្តើមជ័យជម្នះលើរបបសាធារណេដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ នោះបន្តិចឡើយ៕

 

ព្រះមហាក្សត្រនរោត្តម សីហនុ ពេលយាងទៅប្រទេសហ្វីលីពីន