ខេត្តកណ្តាល៖ បុរសម្នាក់ បានយកដុំថ្មគប់បំផ្លាញផ្ទះអ្នកជិតខាង បណ្តាលឲ្យខូចធ្លុះធ្លាយជាច្រើនកន្លែង ហើយតែងបោះពាក្យសម្តីគំរាមកាប់សម្លាប់ម្ចាស់ផ្ទះចោលជារឿយៗ ហើយចុងក្រោយថ្លើមកាន់តែរីកធំឡើងៗដល់ថ្នាក់យកពូថៅវាយសម្លាប់សត្វឆ្កែរបស់អ្នកជិតខាងចោលទៀត ធ្វើឲ្យម្ចាស់ឆ្កែរងគ្រោះទ្រាំលែងបាន ក៏ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ធ្វើការចាប់ខ្លួនជនកំណាចនេះ យកទៅចាត់ការតាមផ្លូវច្បាប់។
ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២០ និង១០០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ភូមិកណ្តាល ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ។


ជនសង្ស័យដែលត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួននេះ មានឈ្មោះផាត់ សំភាស់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ ។ ចំណែក ភាគីជនរងគ្រោះ ទី១-ឈ្មោះខោ សារ៉េម ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ (ខូចខាត ធ្លុះជញ្ជាំងផ្ទះជាច្រើនកន្លែង) ។ ទី២-ឈ្មោះសាយ រៀម ភេទស្រី អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (ខូចខាត បែកពាងទឹក ១) ។ និងទី៣-ឈ្មោះផុស ភីណា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឃុំកើតហេតុ។


សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់គប់ជញ្ជាំងផ្ទះ និងកាន់ពូថៅគំរាមជនរងគ្រោះជាច្រើនលើកមកហើយ ។ លុះនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ម៉ោង២៤:០០នាទី ជនសង្ស័យបានយកដុំថ្មគប់ផ្ទះជនរងគ្រោះឈ្មោះ ខោ សារ៉េម , ឈ្មោះសាយ រៀម និងឈ្មោះ ផុស ភីណា ជាច្រើនដុំថ្មបណ្តាលឲ្យធ្លុះជាច្រើនកន្លែង ។ រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩ ម៉ោង២០:០០ នាទី ជនសង្ស័យបានយកដុំថ្មគប់ពាងទឹករបស់ជនរងគ្រោះឈ្មោះសាយ រៀម បណ្តាលឲ្យធ្លុះចំនួន ០១កន្លែង ។

ប្រភពបន្តថា លុះដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨ និង១០ នាទីជន សង្ស័យបានយកពូថៅកាប់សត្វឆ្កែរបស់ឈ្មោះយាប ណេត បណ្តាលឲ្យងាប់០១ក្បាលទៀត ហើយគេចខ្លួនចុះទៅក្នុងបឹងបាត់ ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកោះចូរ៉ាម ជួយអន្តរាគមន៍។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ក្រុមជនរងគ្រោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕