រាជធានីភ្នំពេញ៖ បុរស២នាក់ បានបើកម៉ូតូ១គ្រឿងឌុបគ្នាធ្វើដំណើរក្នុងល្បឿនលឿន ហើយព្យាយាមបើកជែងខ្វះការប្រុងប្រយ័ត្ន បានទាក់ដៃចង្កូតជាមួយម៉ូតូ១គ្រឿងផ្សេងទៀត បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកុងតឺន័រ ក៏កិនចំម្នាក់ ដាច់ខ្លួនជា២កំណាត់ស្លាមមួយរំពេច។


ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលវេលាម៉ោង២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចយឿត្រី សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះដែលត្រូវរថយន្តកុងតឺន័រកិនដាច់ខ្លួនជា២កំណាត់ស្លាប់នេះ មានឈ្មោះ ស្រី ភ័ត្រា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស្បែកម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។


ប្រពភពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត បើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-6930 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណ:មកដល់ហេតុខាងលើ បានបន្ថែមល្បឿនវ៉ាជែង ក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ បណ្ដាលឲ្យម៉ូតូបានទាក់ដៃចង្កូតចូលរថយន្តកុងតឺន័រ១គ្រឿង ហើយត្រូវរថយន្តនោះកិនដាច់ជា២កំណាត់ ស្លាប់ម្នាក់គួរឲ្យរន្ធត់ពេកក្រៃ និងម្នាក់ទៀត គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។ ចំណែក រថយន្តបង្ក មិនឈប់ទទួលខុសត្រូវទេ បានបន្ថែមល្បឿនបើករត់បាត់ស្រមោល។


ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍យកម៉ូតូរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌព្រែកព្នៅ រង់ចាំធ្វើការស្រាវជ្រាវរថយន្តបង្កមកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ តែដូចជាមានសង្ឃឹមតិចណាស់។ ដោយឡែក សពរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕