រាជធានីភ្នំពេញ៖ ស្រ្តីជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបានជនសង្ស័យ១ក្រុមដោះយកគ្រឿងអលង្ការមាស និងយកលុយអស់សរុប៥ពាន់ដុល្លារ ហើយដឹកយកនាងតាំងពីខេត្តព្រះសីហនុ មកទុកចោលនៅរាជធានីភ្នំពេញ ត្រូវបានអ្នករត់ម៉ូតូឌុបម្នាក់ប្រទះឃើញអង្គុយយំ កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចនៅតាមផ្លូវក្នុងភូមិចំការ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកអ្នករត់ម៉ូតូឌុបក៏បានដឹកយកទៅប្រគល់ជូននគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ ។


ស្រ្តីរងគ្រោះបានឲ្យដឹងថា នាងឈ្មោះសាំ យ៉ាស់ អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរលក់ឥវាន់បោះដុំ មានទីលំនៅក្នុងភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ នាងមិនបានដឹងថា ខ្លួនឯងមានរឿងអ្វីកើតឡើងនោះទេ គឺគ្រាន់តែចាំបានថា នៅមុនពេលកើតហេតុ នាងបានយកលុយចំនួន១២លានរៀល ហើយបានជិះម៉ូតូឌុប១គ្រឿងទៅកាន់ផ្សារវាលរេញ ដើម្បីយកយកលុយខាងលើទៅសងម៉ូយថ្លៃទិញឥវាន់ ។

ពេលជិះម៉ូតូទៅដល់ផ្សារវាលរេញគាត់បានទិញទឹកសុទ្ធ១ដបផឹក ក្រោយមកក៏ស្រាប់តែលែងដឹងខ្លួនរហូតតែម្ដង លុះពេលដឹងខ្លួនឡើងវិញ ស្រាប់តែមកស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ នេះទៅវិញ ហើយបាត់បង់គ្រឿងអលង្ការមាស១តម្លឹងកន្លះ និងលុយ១២លានរៀល សរុបប្រមាណ៥ពាន់ដុល្លារ ។ មិនតែប៉ុណ្ណោះ មានអាការៈមិនស្រួលខ្លួនរវើរវាយវិលមុខ ខុសប្រក្រតីថែមទៀតផង ។
បន្ទាប់ពីសង្កេតឃើញស្រ្តីរងគ្រោះរូបនេះមានអាការៈមិនស្រួលខ្លួនរវើរវាយវិលមុខ ខុសប្រក្រតី សមត្ថកិច្ចនគរបាលសង្ស័យថា នាងត្រូវថ្នាំសណ្ដំ ទើបប្រាប់ឲ្យបុរសម្នាក់ដែលត្រូវជាបងថ្លៃដឹកទៅកាន់មន្ទីរពេទ្យព្យាបាលភ្លាមៗដែរ ហើយពេលណាធូរស្រាល ចាំមកដាក់ពាក្យបណ្ដឹងជាក្រោយ ៕