តាម​រយៈ​គូស្នេហ៍​ស្រលាញ់​ភេទ​ដូច​គ្នា ស្រី​ស្រលាញ់​ស្រី​១​គូ​នេះ ដែល​តួអង្គ​ជា​ប្តី មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា “Bong Ta” ចំណែក​តួអង្គ​ជា​ប្រពន្ធ​មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក “Nivin Na” បាន​បង្ហោះ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយ​គូស្នេហ៍​នេះ ក៏​អាច​ផ្ទៃពោះ​លើក​ដំបូង ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប គឺ​បង្ក​កំណើត​ក្នុង​កែវ (IFV) ។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក “Bong Ta” បាន​បង្ហោះ​រូប​ប្រពន្ធ​មាន​ផ្ទៃពោះ និង​សម្តែង​ក្តី​រំភើប​យ៉ាង​ដូច្នេះ​ថា ៖ នេះ​ជា​កាដូ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​ខ្ញុំ ជា​សុភមង្គល​ដ៏​ពិតប្រាកដ ជា​គ្រួសារ​ដ៏​ពេញលេញ​ដូច​គេឯង អរគុណ​អូន​ដែល​លះបង់​រូប​សម្រស់ លះបង់​សុខភាព ផ្ញើ​អនាគត​ជាមួយ​បង​(​ស្រី​) ការ​លះបង់​នេះ វា​ធំ​ខ្លាំង​ណាស់ ស្ទើរតែ​គ្មាន​មនុស្ស​ស្រី​ណា ហ៊ាន​លះបង់​បែប​នេះ​ដូច​អូន​ឡើយ ។

គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា សប្បាយ​រីករាយ​ចិត្តជា​ខ្លាំង ដោយ​ពួក​គេ​កូន​ម្នាក់ នៅ​ក្នុង​ផ្ទៃ មាន​វ័យ​២០​អាទិត្យ​ទៅ​ហើយ នៅ​ពេល​នេះ តួអង្គ​ជា​ប្តី ព្រម​ទម្លាយ​មូលហេតុ​ដែល​នាំ​ឲ្យ​តួអង្គ ជា​ប្រពន្ធ​មានគភ៌ ជា​លើក​ដំបូង​នេះ​ផង​ដែរ ។

“Bong Ta” ស្ត្រី​ជា​តួអង្គ​ប្តី​នោះ បាន​បង្ហោះ​សារ​ថា ថ្ងៃនេះ សុំ​ធ្វើការ​បកស្រាយ ចំពោះ​ច​ម្ង​ល់​របស់​បងប្អូន ដែល​គាត់​បាន​ចោទ​ជា​សំនួរ​ដូច​ខាងក្រោម ៖
ស្រី និង​ស្រី មានកូន​តាម​ណា ?
តើ​គេ​ចាក់​មេជី​វិត​ឈ្មោល​ចូល​ស្បូន​មែន​ទេ ?
តើ​កូន​ក្នុង​ផ្ទៃ​មាន​ជាប់​សាច់ឈាម​ខ្ញុំ​ទេ ?
អ្វី​ទៅ​ដែល​ហៅ​ថា​បង្ក​កំណើត​ក្នុង​កែវ ?
តម្លៃ ប៉ុន្មាន​ទៅ ?

“Bong Ta” ប្រាប់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​បកស្រាយ​សាច់​រឿង​ខ្ញុំ​ផ្ទាល់ ៖ ស្រី​និង​ស្រី ពិតជា​អាច​មានកូន​ជាមួយ​គ្នា​មែន តែ​ត្រូវ​មានការ​បង្ក​ជាមួយ​មេជី​វិត​ឈ្មោល ។ វិធី​របស់ខ្ញុំ គឺ​មិនមែន​ជា​ការ​ចាក់​មេជី​វិត​ឈ្មោល​ចូល​ទៅ​ក្នុង​ស្បូន​ប្រពន្ធ​ខ្ញុំ​ទេ គឺ​ខ្ញុំ​ធ្វើការ​បង្ក​កំណើត​ក្នុង​កែវ (IFV) ដោយ​តម្រូវ​អោយ​ខ្ញុំ រក​ទិញ​មេជី​វិត​ឈ្មោល ដើម្បី​បង្កក​ទុក​បង្កាត់ រួច​គ្រូពេទ្យ​ចាប់ផ្តើម​អោយ​ថ្នាំ​ខ្ញុំ​លេប ពិនិត្យ​សុខភាព និង​ចាក់​ថ្នាំ ដើម្បី​ភ្ញាស់​អោយ​មេជី​វិត​ញី​របស់ខ្ញុំ​ទុំ (​ពង​ញី ឫ​អូ​វ៉ុល​) ខ្ញុំ​ផ្ទាល់​ធ្វើការ​ចាក់​ថ្នាំ ពិនិត្យ​សុខភាព និង​លេបថ្នាំ​អស់​ប្រហែលជា​៤​ទៅ​៥​ខែ ទើប​មេជី​វិត​ញី​ខ្ញុំ​ទុំ បន្ទាប់​មក​ទៀត ពេទ្យ​បាន​ប៊ូ​ម​មេជី​វិត​ញី​របស់ខ្ញុំ​ចេញ​មក​ក្រៅ រួច​យក​ទៅ​បង្កាត់​ជាមួយ​មេជី​វិត​ឈ្មោល ដែល​ខ្ញុំ​បាន​ទិញ​វា​មក ធ្វើការ​បង្កាត់​បាន​ជោគជ័យ តែ​ត្រូវ​ប្រើ​រយៈពេល​១២​ថ្ងៃ​ទៀត ដើម្បី​ពិនិត្យ​ចំនួន​កូន ដែល​មាន​សុខភាព​ល្អ​» ។

“Bong Ta” បន្ត​ថា «​កូន​ខ្ញុំ ដែល​បង្កាត់​ម្តង មាន​ចំនួន​៩​កូន ដែល​មាន​សុខភាព​ល្អ ដូច្នេះ ខ្ញុំ​សម្រេចចិត្ត​ថា ដក​យក​២​កូន មក​ទុក​ប្រើ ដើម្បី​បង្កាត់​វា​ជា​កូនភ្លោះ ហើយ​នៅ​សល់​៧​កូន​ទៀត ត្រូវ​បង្កក​ទុក​ប្រើ​ពេល​ក្រោយ នៅ​ពេល​ដែល​ចង់បាន​កូន​ទៀត ។ បន្ទាប់​ពី​បង្កាត់កូន​រួចរាល់ ពេទ្យ​គាត់​ចាប់ផ្តើម​អោយ​ថ្នាំ​ប្រពន្ធ​ខ្ញុំ លេប និង​ធ្វើការ​ចាក់​ថ្នាំ អោយ​បើក​មាត់ស្បូន ចំណាយ​រយៈពេល​១០​ថ្ងៃ ពេល​ដែល​ពិនិត្យ​ទៅ​ឃើញ​ថា ដល់​វេលា​ដែល​អាច​ដាក់​កូន​ចូល​ស្បូន​គាត់​បាន ពេទ្យ​ក៏​ចាប់​យក​កោសិកា​កូន ដែល​បង្កាត់​រួច​ចំនួន​២ ធ្វើការ​ដាក់​ចូល​ស្បូន​ប្រពន្ធ​ខ្ញុំ អោយ​នាង​ពពោះ​ជំនួស យើង​យក​កូនភ្លោះ​» ។

“Bong Ta” បន្ថែម​ទៀត​ថា «​កូន​នេះ គឺ​មាន​ហ្សែ​ន​របស់​មេជី​វិត​ឈ្មោល​៤០​ភាគរយ ហ្សែ​ន​របស់ខ្ញុំ​៤០​ភាគរយ (​ម្ចាស់​មេជី​វិត​ញី​) និង​ហ្សែ​ន​ប្រពន្ធ​ខ្ញុំ​មាន​តែ​២០​ភាគរយ​ប៉ុណ្ណោះ ព្រោះ​ពេល​ដែល​ដាក់​កូន​ចូល​ពោះ​គាត់ កូន​ខ្ញុំ​មាន​អាយុ​១២​ថ្ងៃ​រួច​ទៅ​ហើយ គ្រាន់តែ​វា​ត្រូវការ​ជីវជាតិ ពី​សារពាង្គកាយ​ពី​ខ្លួន​របស់​ប្រពន្ធ​ខ្ញុំ ដើម្បី​លូតលាស់ ។ ចុង​ក្រោយ​ការ​ពិនិត្យ​ផ្ទៃពោះ គឺ​ជោគជ័យ ប៉ុន្តែ​យើង​សោកស្តាយ ដោយសារ​មិន​ជាប់​កូនភ្លោះ​ទេ គឺ​ជាប់​បាន​តែ​១ កូន គឺ​កូនប្រុស​» ។

ជា​ចុង​ក្រោយ តួអង្គ​ជា​ប្តី​បាន​បញ្ជាក់​ថា ទោះបីជា​កូន​ក្នុង​ពោះ​ប្រពន្ធ​ខ្ញុំ ជា​កូន​របស់ខ្ញុំ មិនមែន​ជា​កូន​គាត់ តែ​គាត់​ជា​អ្នក​ពពោះ​ជំនួស​ខ្ញុំ រហូត​ដល់​ទៅ​៩​ខែ​១០​ថ្ងៃ វា​ប្រៀប​ដូច​គាត់​ក៏​ជា​ម្តាយ​ក្មេង​នេះ​ដែរ ។ ខ្ញុំ​ទោះបីជា​មិន​បាន​ពពោះ​ដោយ​ខ្លួនឯង តែ​ក្មេង​នេះ កើត​មានជីវិត​ដោយសារ​មេជី​វិត​ញី​របស់ខ្ញុំ​ប្រៀប​ដូច​ជា​ខ្ញុំ ជា​ឪពុក​ម្នាក់​អ៊ីចឹង​ដែរ ។ ចំណែកឯ​ម្ចាស់​មេជី​វិត​ឈ្មោល គឺ​គេ​អោយ​មើល​តែ​រូបថត​មិន​ដែល​ជួប​គ្នា​ឡើយ ដឹង​ត្រឹមតែ​ថា មេជី​វិត​ឈ្មោល​បាន​មក​ពី​បុរស​ថៃ​កូនកាត់​ចិន រីឯ​តម្លៃ​វិញ សរុប​ទៅ​អស់​ប្រហែល​ជាំ ២៣,០០០​ដុល្លារ​សហរដ្ឋអាមេរិក ពួក​យើង​ធ្វើ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ថៃ​» ៕