ខេត្តកណ្តាល៖ ក្មេងប្រុស២នាក់បងប្អូន ពេលឪពុកម្តាយមិននៅផ្ទះ ក៏បាននាំគ្នាមកដើរលេងមាត់ទន្លេនៅក្រុងតាខ្មៅ តែអកុសល កុមារបងមិនប្រយ័ត្ន បានរអិលជើងធ្លាក់ចូលទៅក្នុងទឹកទន្លេ បណ្តាលឲ្យឈ្លក់ស្លាប់យ៉ាងអាណោចអាធ័ម ។ ករណីនេះ បានកើតឡើង វេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។


ក្មេងប្រុសរងគ្រោះដែលរអិលជើងធ្លាក់ចូលក្នុងទឹកទន្លេស្លាប់នេះ ឈ្មោះឌឹម វីត ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតាខ្មៅ២ សង្កាតតាខ្មៅ ក្រុងតាខ្មៅ មានម្តាយឈ្មោះឌឹម ស្រីល័ក្ខ អាយុ២៥ឆ្នាំ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង២០នាទី ជនរងគ្រោះ និងប្អូនប្រុសឈ្មោះឌឹម រស្មី ភេទប្រុស អាយុ៨ឆ្នាំ នៅពេលឪពុកម្តាយមិននៅផ្ទះបាននាំគ្នាមកលេងច្រាំងទន្លេ។ ពេលនោះក្មេងរងគ្រោះ ឈ្មោះឌឹម វីត បានរអិលជើងចូលចំណុចជ្រៅ បាត់តែម្តងឃើញ។ ដូចនេះ ប្អូនឈ្មោះឌឹម រស្មី អាយុ៨ឆ្នាំ បានស្រែកឲ្យគេជួយតែជួយមិនទាន់ឡើយ ប្រជាពលរដ្ឋនៅជិតនោះបានចុះមុជទឹករាវរក តែមិនទាន់ឃើញឡើយ ។


ប្រភពបន្តថា លុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤ ទើបប្រទះឃើញសពអណ្តែតទឹកនៅមុខសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ក្រោយមកក៏បានទំនាក់ទំនងម្តាយជនរងគ្រោះឲ្យមកមើលថាពិតជាសពកូនមែន។ បន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។
សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍បែបនេះ ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ដោយសាកសពមានសារភាពធុំក្លិន ធ្មេញខាំអណ្តាត ក្បាលនិងដៃជើងមានដី ក្រៅពីនេះពុំ មានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ពោលគឺ ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ។
បន្ទាប់មក ក៏ធ្វើកំណត់ហេតុ ប្រគល់ជូនម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕