រាជធានីភ្នំពេញ ៖ បុរសម្នាក់បានផឹកស្រាឡើងស្រវឹងដាប ហើយបានឡើងបើករថយន្ត១គ្រឿង បត់ឆ្លងផ្លូវទាំងបំពានភ្លើងស្តុប ចៃដន្យមានរថយន្តធុនធំ១គ្រឿងទៀត មកដល់ជាន់ហ្រ្វាំងឈប់មិនទាន់ ក៏បុកចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តតូចរងការខូចខាតធ្ងន់ធ្ងរ ហើយអ្នកជិះក្នុងរថយន្តនោះចំនួន៦នាក់ បានរងរបួសទាំងអស់គ្នា។


ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុប២៤ម៉ោង តាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវសម្តេចជាស៊ីម ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ បើកបររថយន្ត ម៉ាកតូយ៉ូតា កាមរី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2-7818 ទាំងអាការស្រវឹងស្រា និងមានអ្នករួមដំណើរប្រុសស្រីចំនួន៥នាក់ ធ្វើដំណើរ តាមបណ្ដោយផ្លូវសម្តេចជាស៊ីម ពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ បានបត់ឆ្វេងទៅទិសខាងជើង ទាំងបំពានភ្លើងស្តុប ខណ:នោះ មានរថយន្តធុនធំដឹកទំនិញ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5493 បើកបរធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿនមកដល់ជាន់ហ្វ្រាំងឈប់មិនទាន់ ក៏ជ្រុលទៅបុករថយន្តខាងលើ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរី ខ្ទាតប្រមាណ៣០ម៉ែត្រ រងការខូចខាតស្ទើរទាំងស្រុង ហើយមនុស្សជិះនៅក្នុងរថយន្តនោះទាំង៦នាក់ បានរងរបួសធ្ងន់ស្រាលទាំងអស់។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន បានមកដឹកយក ជនរងគ្រោះទាំង៦នាក់ ទៅសង្គ្រោះ។ ដោយឡែកយានយន្តពាក់ព័ន្ធ ត្រូវបានជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕