រាជធានីភ្នំពេញ ៖ ករណីឃាតកម្មប្លន់សម្លាប់ដ៏សាហាវ ហើយជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានពលរដ្ឋប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លើផ្លូវលំវាលស្រែ ស្ថិតនៅភូមិខ្វា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

ពេលនេះ បានបំបែកសំណុំរឿងបានហើយ ដោយកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ។


សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះអឿង ភាព ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៣- ឈ្មោះប៉ុក សុខនីភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត (ទទួលផលចោរកម្ម) ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿង ជារបស់ជនរងគ្រោះ)។
បច្ចុប្បន្នក្រុម ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកមកធ្វើការសាកសួរ នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់តាមច្បាប់។សូមរំលឹកថា កាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ មានករណីប្លន់សម្លាប់យកម៉ូតូ បណ្តាលឲ្យជនរងគ្រោះដែលស្លាប់នៅកណ្តាលផ្លូវយ៉ាងអាណោចអាធ័ម។


ជនរងគ្រោះឈ្មោះ មែក ភីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងកញ្ចក់ និង រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិដំណាក់ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិសំភ្លី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។
នៅកន្លែងកើតហេតុ សមត្ថកិច្ច បានរកឃើញកាំភ្លើងជ័រចំនួន ១ដើម ម៉ាករ៉ូឡូ ,ស្បែកជើងចំនួន ១គូ , មួកសុវត្ថិភាពចំនួន ១, កញ្ចក់ម៉ូតូចំនួន ១ , អាវយឺតពណ៌ទឹកក្រូចចំនួន ០១ ។

សពជនរងគ្រោះ បានបាត់បង់ ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1V-0526, ទូរស័ព្ទម៉ាក OPPO ចំនួន ១គ្រឿង និង កាបូបលុយរបស់ជនរងគ្រោះ ។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យតុលាការ ធ្វើកោសល្យវិច័យរួច បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម ដោយជនសង្ស័យបានធ្វើសកម្មភាពច្របាច់.កជនរងគ្រោះ រហូតដល់ស្លាប់ យកម៉ូតូទៅបាត់ ។ ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕