រាជធានីភ្នំពេញ៖ បុរស២ម្នាក់ចូលហាងកាសជប់មួយកន្លែង ត្រូវបាននារីម៉ាស្សាលួចដូរលុយមែនទែនចំនួន២០០ដុល្លារ ដាក់លុយសែនខ្មោចជំនួសវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារទី២២ ខែតុលា ឆ្នាំ២០១៩នេះ តាមបណ្ដោយផ្លូវ២៧១ ក្បែរស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។


បុរសជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឲ្យមិត្តភក្តិម្នាក់បើករថយន្តម៉ាកលុចស៊ីស ជូនទៅទីតាំងម៉ាស្សា យីហោ ៧៧៧៧ ដើម្បីម៉ាស្សា និងកោសជប់ឲ្យស្រួលខ្លួន ។នៅពេលចូលដល់បន្ទប់ នារីម៉ាស្សា បានឲ្យគាត់ស្លៀកកន្សែង ដើម្បីងាយស្រួលម៉ាស្សា និងកោសជប់។ ពេលនោះ នៅក្នុងកាបូបគាត់មានលុយសរុបចំនួន ៥០០ដុល្លារ និងលុយខ្មែរ១០ម៉ឺនរៀល។


តែមិនទាន់បាន៥នាទីផង ឆ្លៀតឱកាសគាត់ភ្លេចខ្លួន ស្រាប់តែនារីម៉ាស្សានោះ បានលួចដូរលុយមែនទែនចំនួន២០០ដុល្លារ ដាក់លុយសែនខ្មោចក្នុងកាបូបគាត់ជំនួសវិញ ។ នៅពេលដឹងថា លុយរបស់គាត់ ជាលុយក្លែងក្លាយចំនួន២០០ដុល្លារ គាត់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ។ តែនារីម៉ាស្សាខាងលើ ប្រកែករូបគេពុំបានលួចដូរលុយមែនទែនចំនួន២០០ដុល្លារ ដាក់លុយសែនខ្មោចជំនួសវិញ ដូចដែលជនរងគ្រោះចោទប្រកាន់ឡើយ។


ក្រោយកើតហេតុ សមត្ថកិច្ចបានយកជនរងគ្រោះ និងនារីម៉ាស្សាខាងលើទៅប៉ុស្តិ៍នគរបាលរដ្ធបាលបឹងសាឡាង ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕