រាជធានីភ្នំពេញ ៖ លោក អូ​ស្មាន់ កា​រា​ខា (Osman Karaca) អតីត​នាយក​សាលា​ហ្សា​ម៉ា​ន់ (​បច្ចុប្បន្ន​សាលា​ផា​រ៉ា​ហ្គ​ន​) ដែល​រដ្ឋាភិបាល​តួ​ក​គី ចោទ​ថា​មានការ​ពាក់ព័ន្ធ​នឹង អំពើ​ភេរវកម្ម​នៅ​ប្រទេស​តួ​ក​គី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​កម្ពុជា កាលពី​ស​ប្តា​ហ៍​មុន ហើយ​បញ្ជូន​ទៅ​តួ​ក​គី ដើម្បី​យក​ទៅ​អនុវត្ត​ទោស ។

លោក ឆាយ គឹ​ម​ឃឿ​ន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បានអោយ​ដឹង​ថា សមត្ថកិច្ច​កម្ពុជា និង​តួ​ក​គី បាន​សហការ​ចាប់ខ្លួន​លោក អូ​ស្មាន់ កា​រា​ខា កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ពី​បទ​ភេរវកម្ម តាម​សំណើ​តួ​ក​គី ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​តួ​ក​គី​វិញ​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ ។

អ្នកនាំពាក្យ បន្ត​ថា លោក អូ​ស្មាន់ កា​រា​ខា ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ គឺ​តួ​ក​គី​ស្នើ​សុំ​កម្ពុជា​ជា​យូរហើយ ហើយ​ពេល​នេះ​ក៏​មាន​ឯកសារ​គ្រប់គ្រាន់ កម្ពុជា​ក៏​សហការ​ចាប់​បញ្ជូន​ទៅ​តួ​ក​គី​តែ​ប​ណ្ណឹ​ង​ទេ ។ សមត្ថកិច្ច​កម្ពុជា​មាន​ភស្តុ​តាង​គ្រប់គ្រាន់ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​តួ​ក​គី ដើម្បី​ចាប់ខ្លួន​លោក អូ​ស្មាន់ កា​រា​ខា ពាក់ព័ន្ធ​ករណី​រដ្ឋប្រហារ​នៅ​តួ​កតី ។ លោក​បញ្ជាក់​ថា ការ​ចាប់ខ្លួន​លោក អូ​ស្មាន់ កា​រា​ខា អនុវត្ត​ទៅ​តាម​កិច្ចព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ។ ការ​ចុះ​កិច្ចព្រមព្រៀង​នេះ បាន​ធ្វើ​ឡើង​ដោយ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក Suleyman Soylu រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​សាធារណរដ្ឋ​តួ​ក​គី ។

ដោយឡែក បើ​តាម​សារព័ត៌មាន​បរទេស Aljazeera បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២០ តុលា​នេះ​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី បាន​ចាប់ខ្លួន​លោក Osman Karaca សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក ដើម​កំណើត​តួ​ក​គី ពី​ប្រទេស​កម្ពុជា ហើយ​នាំ​ទៅ​ឃុំខ្លួន​នៅ​ប្រទេស​តួ​ក​គី ក្រោម​បទ​ចោទ «​បង្កើត និង​រៀបចំ​ផែនការ​រដ្ឋប្រហារ​» ជាមួយ​បណ្ដាញភេរវកម្ម​មួយ​ដឹកនាំ​ដោយ​លោក ហ្វែ​ត​តូ​ឡាស់ គូលែន ដែល​កំពុង​និរទេស​ខ្លួន នៅ​សហរដ្ឋអាមេរិក ។

ក្រុម​ភេរវកម្ម​ដែល​រដ្ឋាភិបាល​តួ​គី​តាម​កម្ចាត់​នេះ ដោយសារ​ក្រុម​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​តួ​ក​គី កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ ។ ក្រោយ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច រដ្ឋាភិបាល​តួ​ក​គី តាម​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​បណ្ដាញ​ចលនា​ភេរវ​ករ​ដែល​ចង់​មក​សម្ងំ​លាក់ខ្លួន​នៅ​កម្ពុជា ។

លោក អូ​ស្មាន់ កា​រា​ខា គឺ​បាន​បម្រើ​ការងារ នៅ​សាលា​ហ្សា​ម៉ា​ន់​អន្តរជាតិ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​២០០២ ដល់​២០១១ រហូត​ក្លាយជា​នាយក​គ្រប់គ្រង​សាលា​នេះ ។ បច្ចុប្បន្ន​សាលា​ហ្សា​ម៉ា​ន់​អន្តរជាតិ បាន​លក់​បន្ត ហើយ​ប្ដូរ​ឈ្មោះ​ទៅ​ជា​សាលា​ផា​រ៉ា​ហ្គ​ន​អន្តរជាតិ​វិញ បន្ទាប់​ពី​មាន​សម្ពាធ និង​រង​ការ​ចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​បណ្ដាញ​ក្រុម​ភេរវកម្ម ពី​សំណាក់​រដ្ឋាភិបាល​តួ​ក​គី ។

បើ​តាម​ព័ត៌មាន​បរទេស​ដដែល បាន​ដកស្រង់​សម្តី​ភរិយា​របស់​លោក អូ​ស្មាន់ កា​រា​ខា គឺ​អ្នកស្រី Grace អោយ​ដឹង​ថា ប្តី​របស់​គាត់ ត្រូវ​បាន​បញ្ជូន​ដល់​ប្រទេស​តួ​ក​គី​ហើយ ។ អ្នកស្រី Grace និយាយ​បន្ត​ថា ទោះបីជា​នាង និង​ស្វាមី​លោក កា​រា​ខា ធ្លាប់​បាន​ជួយ​ដល់​លោក គូលែន ដែល​កំពុង​និរទេស​ខ្លួន នៅ​សហរដ្ឋអាមេរិក ក៏​ដោយ ប៉ុន្តែ​នាង​និង​ប្តី មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ទេ ។

អ្នកស្រី បន្ថែម​ទៀត អ្វី​ដែល​យើង​ធ្វើ​កន្លង​មក គឺ​ការងារ​ជួយ​សិស្ស ដែល​មិន​មាន​ប្រាក់​ដើម្បី​សិក្សា​ប៉ុណ្ណោះ ។ ពេល​នេះ​នាង​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់​បញ្ជូន​ស្វាមី​ខ្លួន​ទៅ​កាន់​ប្រទេស​តួ​ក​គី ក្រោម​ការ​ចោទប្រកាន់​គាំទ្រ​សកម្មភាព​ភេរវកម្ម​នេះ ។

សូម​រម្លឹក​ថា រដ្ឋប្រហារ​មិន​សម្រេច នៅ​ប្រទេស​តួ​ក​គី ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល លោក​ប្រធានាធិបតី អេ​ដូ​ហ្គា​ន់ (Erdoğan) បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​ចោទ​ថា រៀបចំ​ដោយ លោក Gulen ឥស្សរជន​នយោបាយ​ដ៏​ខ្លាំង​១​រូប ដែល​ភៀសខ្លួន​ទៅ​នៅ​សហរដ្ឋអាមេរិក ។ ដែល​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​២៥១​នាក់ និង​អ្នក​របួស​ជិត​២,២០០​នាក់ ។

លោក អូ​ស្មាន់ កា​រា​ខា អតីត​ថ្នាក់ដឹកនាំ​សាលា​ហ្សា​ម៉ា​ន់ ត្រូវ​បាន​រដ្ឋាភិបាល​តួ​ក​គី​ចោទ​ថា បាន​ផ្តល់​ជា​ហិរញ្ញវត្ថុ​ដល់​លោក ហ្វែ​ត តូ​ឡាស់​គូលែន ដែល​ភៀសខ្លួន​នៅ​អា​មេ​រិ​ក ដើម្បី​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់ ប្រ​ធានា​ធីប​តី​តួ​ក​គី​ស្របច្បាប់ ប៉ុន្តែ​ការ​ធ្វើ​រដ្ឋប្រហារ​ត្រូវ​បាន​បរាជ័យ ។ ទោះជា​យ៉ាងនេះ​ក្តី នា​ពេល​កន្លង​ទៅ សាលា​ហ្សា​ម៉ា​ន់ បាន​ចេញ​ប្រកាស​ថា ខ្លួន​មិន​មានការ​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​នៅ​ប្រទេស​តួ​ក​គី​នោះ​ទេ ៕