ខេត្តកំពង់ឆ្នាំង ៖ រឿងរ៉ាវដីធ្លីនៅចំណុចក្បាលអូរជ្រៅឋិតនៅភូមិក្នុងភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ដែលប្រជាពលរដ្ឋ៨គ្រួសារចោទថា លោក គង់ សំអុល អធិការរងស្រុកទឹកផុស , លោក យង់ សារិត មេប៉ុស្តិ៍ខ្លុងពពក និងមន្រ្តីបរិស្ថានម្នាក់បានឃុបឃិតជាមួយឈ្មួញឈ្មោះគឹម អេង ទៅរំលោភបំពានយកដីរបស់ពួកគាត់យកមកហែកចែកគ្នាធ្វើជាកម្មសិទ្ធិនោះ បានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ នៅតែមិនមានដំណោះស្រាយនៅឡើយនោះ ប្រជាពលរដ្ឋរងគ្ហរោះ៨គ្រួសារសុំការអន្តរាគមន៍ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជួយពួកគាត់ផង។


បើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋទាំង៨គ្រួសារ បានឲ្យដឹងថា ដីខាងលើ ពួកគាត់បានចូលទៅកាប់គាស់អាស្រ័យផលតាំងពីអំឡុងឆ្នាំ១៩៩៥ មកម្ល៉េះ ទើបតែមកដល់អំឡុងឆ្នាំ២០១៦ ស្រាប់តែមានឈ្មោះ គឹម អេង បានចូលទៅលួចឈូសឆាយទាំងយប់ទាំងថ្ងៃលើដីនោះ ឃើញដូច្នេះពួកគាត់បានទៅហាមឃាត់ មិនឱ្យធ្វើសកម្មភាព តែលោក គឹម អេង មិនស្តាប់ឡើយ ហើយថែមទាំងប្ដឹងពួកគាត់ ទាំង៨គ្រួសារ ទៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ថែមទៀត ដោយមានលោក គង់ សំអុល អធិការរងស្រុកទឹកផុស ជាអ្នកដោះស្រាយ។ ដល់ពេលដោះស្រាយចុះឡើងទៅ លោកគង់ សំអុល អធិការរងនគរបាលស្រុកទឹកផុស និងបក្ខពួករបស់គាត់ម្នាក់ៗបែរជាទទួលបានដីទំហំទទឹង១០០ម៉ែត្រ និងបណ្ដោយ២៥០ម៉ែត្រ ស្នើនឹង២ហិចតារកន្លះទៅវិញ ។ រីឯសំណុំរឿងត្រូវបានបិទបញ្ចប់រហូតមកដល់សព្វថ្ងៃសូម្បីតែឯកសារស្រាវជ្រាវរកមិនឃើញផង។


ប្រជាពលរដ្ឋទាំង៨គ្រួសារ បានឲ្យដឹងបន្តថា ក្រោយមកពួកគាត់បាននាំគ្នាផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរក្រុមប្រឹក្សា ឃុំខ្លុងពពក ស្នើសុំឲ្យជួយដោះស្រាយ ។លុះរហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ អាជ្ញាធរឃុំ ក៏បានកោះ ហៅភាគីទាំងពីរមកជួបគ្នាដើម្បីរកដំណោះស្រាយដែរ តែនៅចំពោះមុខអាជ្ញាធរ លោក គឹម អេង មិនបានទទួលខុសត្រូវនៅចម្លើយរបស់ខ្លួននោះឡើយ ដោយគ្រាន់តែនិយាយយ៉ាងខ្លីទៅកាន់អាជ្ញាធរឃុំថា បើចង់ប្តឹង គួរប្ដឹងមនុស្សជាច្រើនដែលមានដីនៅទីនោះទៅ ។ និយាយរួចលោក គឹម អេង ក៏បានដើរចេញពីកិច្ចប្រជុំដោះស្រាយទៅបាត់ ដោយគ្មានហេតុផល និងគ្មានការទទួលខុសត្រូវឡើយហើយអាជ្ញាធរឃុំចាត់ទុកថា សកម្មភាពរបស់លោក គឹម អេង គឺជាការប្រមាថមើលងាយដល់ការដោះស្រាយទំនាស់របស់អាជ្ញាធរក្រុមប្រឹក្សាឃុំខ្លុងពពក ហើយបានធ្វើកំណត់ហេតុទុកជាភ័ស្តុតាងផងដែរ។


ជុំវិញការចោទប្រកាន់ពីសំណាក់របស់ប្រជាពលរដ្ឋទាំង៨គ្រួសារខាងលើ លោក គង់ សំអុល អធិការងនគរបាលស្រុកផុស ធ្លាប់បានបំភ្លឺថា ដីរបស់គាត់នៅចំណុចក្បាលអូរជ្រៅ ក្នុងភូមិត្រពាំងក្របៅ ឃុំខ្លុងពពក នោះ ពិតជាមានទំហំ២ហិចតារកន្លះពិតមែន ដោយដីនោះបានមកពីលោក គឹម អេង ជាអ្នកចែកឲ្យ ដោយមិនមានឯកសារបញ្ជាក់អ្វីទាំងអស់។


ឯលោក យង់ សារិត មេប៉ុស្តិ៍ខ្លុងពពក ក៏បានបញ្ជាក់ថា ដីរបស់គាត់ក៏មាននៅចំណុចក្បាលអូរជ្រៅ នោះដែរ ដោយបានមកពីលោក គឹម អេង ជាអ្នកចែកឲ្យពួកគាត់ចំនួន៤នាក់ តែមិនមានឯកសារបញ្ជាក់អ្វីទេ។
ចំណែកឯលោក រ៉ន ជាមន្ត្រីបរិស្ថាន ក៏បានប្រាប់ថា គាត់ក៍មានដីទំហំ ២ហិកតាកន្លះដែរនៅចំណុចក្បាលអូរជ្រៅ នោះដែរ គឺគាត់បានមកឪពុករបស់គាត់ចែកអោយ។
ចំណែកឯលោកមេភូមិត្រពាំងក្របៅ បានបញ្ជាក់ថា ដីនៅចំណុចនោះ តាំងពីគាត់មិនទាន់ក្លាយជាមេភូមិម្លេះ គាត់ឃើញគ្រួសារពលរដ្ឋទៅកាប់ឆ្ការអាស្រ័យផលនៅទីនោះពិតប្រាកដមែន មិនមែនជាដីរបស់លោកគឹម អេង ទេ ហើយលោក គឹមអេង ក៏មិនមានសិទ្ធិអ្វីទៅបែងចែកដីគ្នានៅទីនោះដែរ។

តែទោះបីប្រជាពលរដ្ឋ៨គ្រួសារបានដាក់ពាក្យបណ្ដឹងទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំង តាំងពីខែសីហា ឆ្នាំ២០១៩ ដើម្បីឲ្យជួយរកយុត្តិធម៌ ក៍ពិតមែន តែរហូតមកដល់បែលនជ ហាក់ដូចជាស្ងាត់ឈឹងមិនដឹងដំណឹងអ្វីទាំងអស់ធ្វើឲ្យប្រជាពលរដ្ឋ៨គ្រួសារអស់សង្ឃឹមខ្លាំងណាស់ ហើយពួកគាត់បានលើកសរសើរថា លោកគង់ សំអុល អធិការរង នគរបាលស្រុកទឹកផុស និងលោក យង់ សារិត មេប៉ុស្តិ៍ខ្លុងពពក ពិតជាមានអំណាចដ៏មហិមាមែន សូម្បីតែស្នងការនគរបាលថ្មីដែលធ្លាប់មានស្នាដៃបង្ក្រាបបទល្មើសធំៗជាច្រើន ក៏មិនហ៊ានប៉ះលោក គង់ សំអុល អធិការរង និងលោក យង់ សារិត មេប៉ុស្តិ៍ខ្លុងពពក នេះដែរ៕