ខេត្តកណ្តាល៖ យុវជនឈាមរាវម្នាក់ និងបក្ខពួក៣នាក់ទៀត បានបើកម៉ូតូដឹកគ្នាទៅលួចមាន់បញ្ជល់របស់គេយកមកក្រុងទុកនៅផ្ទះរបស់ខ្លួន លុះពេលម្ចាស់មាន់តាមរកឃើញវិញ ក៏ប្តឹងសមត្ថកិច្ចអន្តរាគមន៍ធ្វើការចាប់ខ្លួនយុវជនខាងលើ នាំមកចាត់ការតាមផ្លូវច្បាប់។


ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង២ និង១០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ។
ជនសង្ស័យ ជាចោរលួចមាន់នេះ ទី១-ឈ្មោះអ៊ី ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករបូមខ្សាច់ ជនជាតិខ្មែរ មានទីលំនៅភូមិមាត់បឹងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ឃាត់ខ្លួនមុខសញ្ញាសកម្ម) ។ ទី២-ឈ្មោសំរ៉ុង មឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរពុំពិតប្រាកដ រស់នៅភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (គេចខ្លួន) ។ ទី៣-ឈ្មោះសុន សុភា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ពុំពិតប្រាកដ រស់នៅភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(គេចខ្លួន) ។ ទី៤-ឈ្មោះនី សុខរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ពុំពិតប្រាកដ រស់នៅភូមិទួលកំរៀង ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (គេចខ្លួន មុខសញ្ញាសកម្ម) ។ ដកហូត សត្វមាន់ចំនួន២ក្បាល (មាន់គក១ក្បាល សម្បុរសលាយ ក្រហម និងមាន់ឈ្មោលស្ទាវ១ក្បាល សម្បុរសលាយខ្មៅ) ។


ចំណែក ជនរងគ្រោះ ជាម្ចាស់មាន់ឈ្មោះ អ៊ឹង គឹមស្រ៊ុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករជនជាតិខ្មែរ មានទីលំនៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង៤នាក់បានជិះម៉ូតូ២គ្រឿងចេញពីផ្ទះ ទៅផ្ទះឈ្មោះអ៊ុន ប៊ុនធី ភេទប្រុស នៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ដើម្បីលួចមាន់ចំនួន៣ក្បាល គឺមាន់គក២ក្បាល និងមាន់ឈ្មោល (ស្ទាវ១ក្បាល) ដែលជនរងគ្រោះយកមកផ្ញើឲ្យជួយចិញ្ចឹមរយៈពេល៥ខែមុន ។ ពេលលួចមាន់ជនសង្ស័យឈ្មោះអ៊ី ម៉ាប់ បានយកមាន់ គក១ក្បាលមកក្រុងទុកនៅផ្ទះខ្លួន។ ចំណែកមាន់២ក្បាលទៀត ជនសង្ស័យឈ្មោះនី សុខរ៉ា យកមកក្រុងទុកនៅផ្ទះបងឈ្មោះឌី ដែលជាផ្ទះគ្មានមនុស្សរស់នៅ។ បន្ទាប់មកនៅវេលាម៉ោង៦ព្រឹកនាថ្ងៃដដែល ឈ្មោះអ៊ុន ប៊ុនធី ដឹងថាបាត់មាន់គក៣ក្បាល ក៏ទៅប្រាប់ជនរងគ្រោះ ហើយនាំគ្នាដើររកមាន់ឃើញនៅផ្ទះជនសង្ស័យឈ្មោះអ៊ី ម៉ាប់ ១ក្បាល និងឃើញនៅផ្ទះឈ្មោះឌី ២ក្បាល តែមាន់គក១ក្បាល ជនសង្ស័យឈ្មោះនី សុខរ៉ា បានទុកនៅលើផ្ទះរួចចាក់សោជាប់ ចំណែក មាន់ឈ្មោលស្ទាវទុកក្រោមផ្ទះ។


ប្រភពបន្តថា ក្រោយមកជនរង គ្រោះ បានប្តឹងនគរបាលឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ី ម៉ាប់ នាំមកសាកសួរ និងចាត់ការតាមនីតិវិធី។ ចំណែក បក្ខពួក៣នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕