ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ខណៈកំពុងជិះទូកទៅរាយមងត្រី មិនចាប់អារម្មណ៍ ស្រាប់តែមានក្រុមម៉ូតូទឹកជាច្រើនគ្រឿង បើកមិនប្រយ័ត្នជ្រុលមកបុក បណ្តាលឲ្យបុរសខាងលើធ្លាក់ពីលើទូកចូលក្នុងទឹកលង់ស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម។


ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅដងស្ទឹងសិរីសោភ័ណ ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។


ជនរងគ្រោះដែលត្រូវម៉ូតូទឹកបុកធ្លាក់ពីលើទូកស្លាប់នេះ មានឈ្មោះឡាំង សាវិន ភេទប្រុស អាយុ ៥២ ឆ្នាំ ជាអតីតយោធិនចូលនិវត្តន៍ រស់នៅភូមិ/សង្កាត់កើតហេតុ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអុំទៅដាក់មង ដើម្បីយកត្រីនៅចំណុចខាងលើ លុះដល់វេលាកើតហេតុ ខណៈជនរងគ្រោះកំពុងរាយមងមិនចាប់អារម្មណ៍ ស្រាប់តែមានម៉ូតូជាច្រើនគ្រឿង បើកមិនប្រយ័ត្នជ្រុលមកបុកជនរងគ្រោះ បណ្តាលឲ្យធ្លាក់ពីលើទូកចូលក្នុងទឹកស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័មតែម្តង។


ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ធ្វើការស្វែងរកសពបុរសវេលាម៉ោង ១រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ទើបរកឃើញសពជនរងគ្រោះ រួចប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។
ចំណែក អ្នកបើកម៉ូតូទឹកបង្ក សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់បន្ត៕