រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ប្រកបរបរច្រៀងតាមហាង ប្រហែលមិនសូវកាក់កប ស្រាប់តែបែកគំនិតលួចម៉ូតូរបស់គេ យកទៅបាត់បាន៤ថ្ងៃ ត្រូវសមត្ថកិច្ចតាមចាប់ចាប់វាយខ្នោះ កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខហាងប្អូន ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ ម៉េត ស៉ូស្សា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកច្រៀងតាមហាង ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ជាអ្នកច្រៀង ។ ជនរងគ្រោះ ឈ្មោះ កង់ ចាន់រិទ្ធីយ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធានាគារឯកជន ស្នាក់នៅផ្ទះលេខ២៧E ផ្លូវបេតុង ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។


មុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានធ្វើសកម្មភាពលួចយម៉ូតូ០១គ្រឿង ម៉ាកស៊ីដេ សេរីចាស់ ពណ៌ទឹកប្រាក់ គ្មានស្នាក់លេខយកទៅបាត់រហូត ។
លុះដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះបានចូលមកហូបអីនៅក្នុងហាងវីរៈជន ឃើញជនសង្ស័យកំពុងច្រៀងនៅក្នុងហាងនោះ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕